ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ ៣៣៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយនាយ​ទាហាន​ នាយទាហានរង និងពលទាហាន កងវរសេនាតូចលេខ ៣៣៣ តំបន់ប្រតិបត្តិការសឹករងតាកែវ យោធភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចមក នៅរសៀលថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តដឹកនាំប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខភម ចុះពិនិត្យច្រកទ្វាព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក និងបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ៣១៤ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីបានចុះពិនិត្យច្រកទ្វា ព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក រួចមក​ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តចុះសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពត យោធភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ បន្តទៀត។

      ក្នុងឱកាសនោះ លោកមេបញ្ជាការ កងវរសេនាតូចលេខ ៣៣៥ បានសម្តែងការស្វាគមន៍ ព្រមទាំងបានធ្វើសេចក្តីរាយការណ៍ អំពីសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលកងវរសេនាតូចលេខ ៣៣៥ ទទួលខុសត្រូវ។ ក្នុងពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរ ដោយអង្គភាពបានធ្វើកិច្ចសហប្រតិបត្តិការល្អ ​ជាមួយបណ្តាប៉ុស្ត៍ ដែលជាប់ព្រំដែនកម្ពុជា-វៀតណាម។ លោកមេបញ្ជាការ ​បានបញ្ជាក់ថា៖ ទោះបីតំបន់ព្រំដែនមានភាពល្អប្រសើរក៏ដោយ អង្គភាពកងវរសេនាតូចលេខ ៣៣៥ នៅតែបន្តយកចិត្តទុកដាក់ លើការងារពង្រឹងប្រៀបការពារជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត និងមានការចង្អុលបង្ហាញ ពីមេបញ្ជាការយោធភូមិភាគទី ៣ អង្គភាពបានយកចិត្តទុកដាក់ កសាងជួសជុលកែលម្អជំរុំជំរកស្នាក់នៅ គ្រប់គ្រងថែរក្សាជូតលាងអាវុធ-គ្រាប់ ទុកដាក់តាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព​ និងបានទប់ស្កាត់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមណា ដែលធ្វើអោយប៉ះពាល់ដល់ការសម្ងាត់របស់យោធា។ ក្រៅពីការងារស្នូលអង្គភាពបានសហការជាមួយអាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់តាមខ្សែបន្ទាត់ព្រំដែន ចុះបង្ក្រាបបទល្មើសផ្សេងៗដូចជា៖ លួច ឆក់ប្លន់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ស្ត្រី និងកុមារ ក្មេងទំនើង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន ព្រមទាំងចុះជួយប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្ម និងឧបត្ថមដល់គ្រួសារកងទ័ព គ្រួសារទីទល់ក្រ ជនពិការ ចាស់ជរា ដែលជួបការលំបាកផងដែរ។

      មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងកងវរសេនាតូចលេខ ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពត ឯកឧត្តម​ ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខពី សម្តេច​តេជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ​ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចលេខ ៣៣៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម បានសម្តែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះវីរភាព នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចលេខ ៣៣៥ ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី ​ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ប្រកបដោយភាពម៉ឺងមាត់។ ទទឹមនេះ ឯកឧត្តម ទៀ សីហា បានអំពាវនាវដល់កងកម្លាំងកងវរសេនាតូចលេខ ៣៣៥ ត្រូវចូលរួមការពារសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការអោយបានល្អ ជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ពីគោលបំណងរបស់ប្រតិភូមកកាន់កងវរសេនាតូចលេខ ៣៣៥ គឺដើម្បីសួរសុខទុក្ខបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងពិនិត្យមើលអំពីជីវភាពរស់នៅរបស់កងទ័ពផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានក្រើនរំលឹកដល់បងប្អូន នាយទាហាន ពលទាហាន ទាំងអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន  និងចូលរួមទប់ស្កាត់គ្រឿងញៀនជាប្រចាំ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន និងពលទាហាន កងវរសេនាតូចលេខ ៣៣៥ ទាំងអស់ សូមទទួលបានជោគជ័យ សិរីសួរស្ដី ជ័យមង្គលក្នុងឆ្នាំថ្មី សូមមានកម្លាំងខ្លាំងក្លាបញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ច។ ឯកឧត្តម ទៀ សីហា ក៏ប្រគល់ថវិកាជូនដលវរសេនាតូចលេខ ៣៣៥ និងបណ្តាអង្គភាព ដែលឈរជើងនៅទិសយោធភូមិភាគទី ៣ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ