ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួសសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ ៣៣៣

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ព្រឹកថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីចុះសាកសួរសុខទុក្ខ នាយ​ទាហាន​ នាយទាហានរង និងពលទាហាន នៅកងការពារព្រំដែនលេខ ៦០១ យោធភូមិភាគពិសេសរួចមក ​ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តដឹកនាំប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខភម ចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយកងកម្លាំងកងវរសេនាតូចលេខ ៣៣៣ តំបន់ប្រតិបត្តិការសឹករងតាកែវ យោធភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ដែលពិធីសំណេះសំណាលនេះ បានប្រារព្ធធ្វើនៅទីបញ្ជាការកងវរសេនាតូចលេខ ៣៣៣ ស្ថិតនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យមើលច្រកព្រំដែន ភ្នំដិន ដែលជាច្រកទ្វាអន្តរជាតិ ឆ្លងកាត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម បម្រើអោយវិស័យសេដ្ឋកិច្ច និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងវៀតណាម។ ​បច្ចុប្បន្នច្រកព្រំដែន ភ្នំដិន មានសកម្មភាពមមាញឹក ក្នុងការផ្លាស់ប្តូរទំនិញ និងទេសចរណ៍ រវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ក៏ដូចជាការចេញចូលទៅវិញទៅមក  រវាងប្រជាជន នៃប្រទេសទាំងពីរនៅជាប់ព្រំដែន ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត​។

      ​ក្នុងពិធីសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង និងពលទាហាន ​កងវរសេនាតូចលេខ៣៣៣ តំបន់ប្រតិបត្តិការសឹករងតាកែវ លោកវរសេនីយ៍ឯក ម៉ែន ចាន់ឌា មេបញ្ជាការកងវរសេនាតូចលេខ ៣៣៣ បានសម្តែងការស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងគណៈប្រតិភូអមដំណើរ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល នាយ-ពលទាហាន តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ទិសយោធភូមិភាគទី៣ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកវរសេនីយ៍ឯក ម៉ែន ចាន់ឌា បានបញ្ជាក់ថា៖ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយអជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ដែលស្ថិតនៅជាប់នឹងព្រំដែន។ លោកវរសេនីយ៍ឯក បញ្ជាក់បន្ថែមថា៖ អង្គភាព បានបន្តខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ស្របតាមគោលការណ៍ឯកភាពគ្នា ​និងបានទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ បទល្មើសសេដ្ឋកិច្ច ប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ បង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន ប្រកបមុខរបរទទួលទានបានល្អប្រសើរ កសាងបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

      មានប្រសាសន៍សំណេះសំណាល ជាមួយកងកម្លាំងកងវរសេនាតូចលេខ ៣៣៣ តំបន់ប្រតិបត្តិការសឹករងតាកែវ ឯកឧត្តម ទៀ សីហា បានសម្តែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារ អធិបតេយ្យបូរណភាពទឹកដី និងការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវ ប្រកបដោយភាពម៉ឺងមាត់។ ទទឹមនេះ ឯកឧត្តម ទៀ សីហា បានអំពាវនាវដល់កងកម្លាំងកងវរសេនាតូចលេខ ៣៣៣ ត្រូវចូលរួមការពារសន្តិភាពអោយបានគង់វង្ស ទៅថ្ងៃអនាគត។ ឯកឧត្តម ទៀ សីហា បានសម្តែងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលវរសេនាតូចលេខ៣៣៣ សម្រេចបានក្នុងការកសាងអង្គភាព ការរៀបចំផ្ទះបាយ ការបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចលេខ ៣៣៣ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនរៀនសូត្រ គ្រប់មុខជំនាញ និងបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាង។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូន នាយទាហាន ពលទាហានទាំងអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់គ្រឿងញៀន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន និងពលទាហាន ព្រមទាំងកម្លាំងជួរមុខទិសទី២ទាំងអស់ សូមទទួលបានជោគជ័យ សិរីសួរស្ដី ជ័យមង្គលក្នុងឆ្នាំថ្មី សូមមានកម្លាំងខ្លាំងក្លា បញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ច។ ឯកឧត្តម ទៀ សីហា ក៏ប្រគល់ថវិកាជូនដល់ វរសេនាតូចលេខ ៣៣៣ និងបណ្តាអង្គភាពដែលឈរជើងនៅទិសយោធភូមិភាគទី ៣ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ