កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងនាយទាហានជាន់ខ្ពស់ នៅក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការជាច្រើនរូបទៀត បានអញ្ជើញចុះសាកសួសសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងការពារព្រំដែនលេខ ៦០១ តំបន់ប្រតិបត្តិការសឹករង ខេត្តកណ្ដាល យោធភូមិភាគពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានសម្តែងការស្វាគមន៍ និងបានជំរាបជូនប្រតិភូឲ្យដឹងថា៖ សភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលកងការពារព្រំដែនលេខ ៦០១ ទទួលខុសត្រូវមានភាពល្អប្រសើរ ក្រោមកិច្ចសហប្រតិបត្តិការល្អ ជាមួយថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត ដែលជាប់ព្រំដែន។ លោកមេបញ្ជាការបានបញ្ជាក់ទៀតថា៖ កងការពារព្រំដែនលេខ ៦០១ បានធ្វើទំនាក់ទំនងល្អប្រសើរជាជាមួយកម្លាំងការពារព្រំដែន តាមបណ្តាប៉ុស្ត៍នីមួយៗ ជាមួយបញ្ជាការដ្ឋានការពារព្រំដែនខេត្តអាងយ៉ាង ប្រទេសវៀតណាម និងយោភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម។ ក្រៅពីនេះអង្គភាពបានចូលរួមធ្វើកិច្ចសហប្រតិបត្តិការ ជំនួបចូលរួមដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែន និងបានផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ព្រមទាំងធ្វើការអប់រំប្រជាជនឆ្លងកាត់ព្រំដែន អោយយល់ដឹងអំពីច្បាប់ព្រំដែន។ ទទឹមនេះអង្គភាពក៏បានសហការជាមួយក្រុមរុករកអដ្ឋិធាតុកា៩០(K90) យោធភូមិភាគទី៩ ជីកលើកអដ្ឋិធាតុ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០២៥ អស់រយៈពេល ២៣ឆ្នាំ និងបច្ចុប្បន្នកំពុងធ្វើកិច្ចសហប្រតិបត្តិការ និងរុករកអដ្ឋិធាតុជំហានទី២៤ រដូវប្រាំងឆ្នាំ២០២៤-២០២៥។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី និងសេចក្ដីនឹករលឹកពី សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងការពារព្រំដែនលេខ ៦០១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ គោលបំណងចុះមកសួរសុខទុក្ខនាពេលនេះ ក៏ដើម្បីពិនិត្យមើលជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន នាយទាហាន ពលទាហានយើង លើការហូបចុក ស្នាក់នៅ និងថែទាំសុខភាព ពីព្រោះសម្តេចធិបតីក៏បានយកចិត្តទុកដាក់លើបញ្ហានេះដែល ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ ឯកឧត្តម ទៀ សីហា បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន ៦០១ ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ទាំងលើមុខជំនាញ ក៏ដូចការងារអប់រំចិត្តសាស្ត្រ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចូលរួមទប់ស្កាត់គ្រឿងញៀន និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងឆ្នាំថ្មី សូមអោយមានសុខភាពល្អ កម្លាំងខ្លាំងក្លា សម្រេចបានគ្រប់ភារកិច្ចការងារជូនជាតិមាតុភូមិ។ ឯកឧត្តម ទៀ សីហា ក៏បានប្រគល់ជូនថវិកាដល់កងការពារព្រំដែន ៦០១, កងរាជអាវុធហត្ថ, កម្លាំងនគរបាលជាតិ និងបណ្តាអង្គភាពដែលឈរជើងនៅ យោធភូមិភាគពិសេស សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕





































