ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតជូន ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា អមដំណើរដោយមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទីស្តីកាក្រសួងការពារជាតិ។
ក្នុងឱកាសនោះគណៈកម្មការទី៤ ព្រឹទ្ធសភា ឈ្វេងយល់ពីស្ថានភាពទូទៅរបស់ក្រសួងការពារជាតិ និងវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យសន្តិសុខ និងការពារជាតិ។ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានរាយការណ៍ជូនគណៈកម្មការទី៤ព្រឹទ្ធសភា ពីស្ថានភាពទូទៅ និង លទ្ធផលការងារដែលក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទសម្រេចបាន និងបានពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងវិស័យសន្តិសុខ និងការពារជាតិ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញថា៖ ក្រសួងការពារជាតិ បានអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចិរភាព ដើម្បីសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារ ដែលក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមក ពិសេសការអនុវត្តបានល្អស្របទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លើកិច្ចពង្រឹងខឿនការពារជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្តម ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានបន្តថា៖ ក្រសួងការពារជាតិ និងខិតខំបំពេញការងារឲ្យកាន់តែខ្លាំងក្លាថែមទៀត និងបញ្ហាប្រឈមនានា ដែលទាក់ទងទៅនឹងកិច្ចការសន្តិសុខ ការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ការជួបប្រជុំគ្នានេះ មានសារៈសំខាន់ ក្នុងការរួមគ្នាឆ្លើយតបតម្រូវការរបស់ក្រសួងការពារជាតិ មិនអាចដោះស្រាយបាននៅពេលនេះ ហើយគណៈកម្មការទី៤ នឹងធ្វើរបាយការណ៍ជម្រាបជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សង្ឃឹមថា ពិសេសដោះស្រាយបញ្ហាខ្វះខាត។ ឯកឧត្តមបានគូសបញ្ជាក់ថា នូវអ្វីដែលជាបញ្ហាប្រឈម គណៈកម្មាធិការអចិន្ត្រៃយ៍សភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ ដើម្បីពន្លឿនដោះស្រាយជូនឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ៕
























