ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន លើកទី៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ អញ្ជើញជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម អគ្គនាយករង នាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ មួយចំនួនទៀត។
ក្នុងដំណើរចូលរួម កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន លើកទី៤ នៅទីក្រុងម៉ានីល ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន នឹងជួបប្រជុំ ជាមួយអនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ព្រមទាំងចូលជួបសម្ដែងការគួរសម រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ផងដែរ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន លើកទី៤នេះ ប្រតិភូនឹងផ្លាស់ប្តូរទស្សនៈជាមួយហ្វីលីពីន ស្ដីពីយុទ្ធសាស្ត្រការពារជាតិ និងគោលជំហរគោលនយោបាយការពារជាតិកម្ពុជា បញ្ហាប្រឈមផ្នែកសន្តិសុខ ផ្នែកបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការពហុភាគី ដែលមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក (ADMM/ADMM-Plus) លើកិច្ចសហប្រតិបត្តិការទ្វេភាគី មានការផ្លាស់ប្តូរប្រតិភូជាន់ខ្ពស់ ការបង្កើនសមត្ថភាព និងការផ្លាស់ប្តូរផ្នែកហ្វឹកហ្វឺនអប់រំ ការបើកការិយាល័យអនុព័ន្ធយោធាកម្ពុជា ប្រចាំនៅហ្វីលីពីន និងការត្រៀមទទួលដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន ផងដែរ ៕
















