នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះ បន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ ស្តីពីការបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន មន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និង (ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ទីស្តីការក្រសួងការពារជាតិ និងដោយមានការអញ្ជើញចូលរួម មកពីបណ្ដាអង្គភាពជំនាញ អគ្គបញ្ជាការ កងទ័ពជើងគោក កងទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាពគីមីសាស្ត្រ អង្គភាពធានាភស្តុភារ-ហិរញ្ញវត្ថុ អង្គភាពវិស្វកម្ម កងពលតូចលេខ៧០ កងទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូចដឹកជញ្ជូនលេខ៩៩ និងបណ្តាយោធភូមិភាគ និងមន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញ ធ្លាប់បានចូលរួមសង្គ្រោះ គ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋរងគ្រោះនាពេលកន្លងមក។
ឯកឧត្តម ម៉ឹង សំផន បានលើកឡើងនៅកិច្ចប្រជុំនេះថា៖ កន្លងមកក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិយើង ធ្លាប់ធ្វើការងារ ជួយសង្គ្រោះមហន្តរាយ តែនៅតំបន់ រឺប្រទេសយើងទេ ប៉ុន្តែបច្ចុប្បន្នកងទ័ពយើង ដែលមានជំនាញសង្គ្រោះគ្រោះហន្តរាយ ឈានទៅដល់ធ្វើការលំហាត់សមយុទ្ធរួមគ្នា ជាមួយក្រុមសង្គ្រោះគ្រោះមហន្តរាយបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកថែមទៀតផង។ ដោយគ្រោងត្រៀមរៀបចំធ្វើនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម បានលើកឡើងទៀតថា៖ សម្រាប់បណ្តាប្រទេសអាស៊ាន ករណីគ្រោះធម្មឃជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើង មិនដូចគ្នាទេ ជាក់ស្តែងនៅកម្ពុជា មិនដែលទទួលរងគ្រោះការរញ្ជួយដី រឺភ្លើងឆេះព្រៃនោះទេ។ សម្រាប់ក្រុមការងារសង្រ្គោះគ្រោះមហន្តរាយរបស់កងទ័ពយើង មានបទសោធន៍នៅក្នុងស្រុក លើការងារជួយសង្គ្រោះ គ្រោះទឹកជំនាន់ រលំបាក់អាគារ ធ្លាក់យន្តហោះ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយបានប្រើប្រាស់កម្លាំង ឧបករណ៍ សម្ភារៈ ទៅតាមជំនាញ វិធីសាស្ត្រ ក្នុងការសង្គ្រោះនាពេលកន្លងទទួលបានលទ្ធផលល្អប្រសើរ។ ហើយកិច្ចការទាំងនេះ មិនថានៅលើពិភពលោក ក៏ដូចកម្ពុជានោះទេ គេយកកម្លាំងកងទ័ពសម្រាប់អនុវត្តការងារសង្រ្គោះ។
ឯកឧត្តម ម៉ឹង សំផន បានផ្ញាំផ្ញើដល់អង្គភាព ក៏ដូចជាក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះ បន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ ត្រូវពង្រឹងលើកកម្ពស់សមត្ថភាពបន្ថែមទៀត លើការងារសង្គ្រោះ គ្រោះមហន្តរាយ រួមនិងធម្យោបាយ សម្ភារៈ បរិក្ខា គ្រឿងចក្រ និងគ្រឿងបំពាក់ផ្សេងៗទៀត ដែលមានស្រាប់ ទុកដាក់ ថែទាំអោយបានល្អនូវគុណភាព តៀមគ្រប់ពេលវេលា ដើម្បីជួយសង្គ្រោះអោយទាន់ពេលវេលា ដែលគ្រោះមហន្តរាយកើតឡើងជាយថាហេតុ ៕






























