ក្នុងជំនួបសម្ដែងការគួរសម និងបង្ហាញមុខចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី(HARA TAKASHI) ប្រធានអនុព័ន្ធយោធាជប៉ុនថ្មី ប្រចាំកម្ពុជាបានថ្លែងថា៖ “ការចូលកាន់តំណែងជាអនុព័ន្ធយោធាជប៉ុនប្រចាំនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិត”។ លោកវរសេនីយ៍ឯក បានបន្ថែមថា៖ លោកនឹងខិតខំប្រឹងប្រែងជំរុញសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសវិស័យយោធាទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាសផងដែរ អោយកាន់តែល្អប្រសើរឡើងថែមទៀត។ ព្រមជាមួយនោះ លោកក៏សង្ឃឹមថាកម្ពុជា និងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុនវិញផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា៖ នេះជាឆ្នាំល្អមួយ ដែលយើងមានអនុព័ន្ធយោធាជប៉ុន ដែលមាននិវេសនដ្ឋានជាលើកដំបូងនៅកម្ពុជាផ្ទាល់តែម្ដង។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្តៅ ហើយសង្ឃឹមថា វត្តមានរបស់លោកវរសេនីយ៍ឯកនៅទីនេះ នឹងធ្វើឱ្យការពង្រឹងនូវកិច្ចសហប្រតិបត្តិការវិស័យយោធាកម្ពុជា-ជប៉ុន ដូចជាការផ្លាស់ប្តូរ ទស្សនកិច្ចគណៈប្រតិភូថ្នាក់ដឹកនាំ ការចូលចតរបស់នាវា អង្គភាពបោសសម្អាតគ្រាប់មីន ក្នុងសមុទ្រ របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម ការគាំទ្រលើការកសាងសមត្ថភាពដល់ប្រទេសកម្ពុជា ក្នុងវិស័យ PKO និងការបណ្ដុះបណ្ដាលធនធានមនុស្ស បានដំណើរការល្អប្រសើរថែមទៀត។ ឆ្លើយតបចំពោះការរៀបចំអនុពន្ធយោធាកម្ពុជានៅជប៉ុន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ ក្រសួងការពារជាតិកម្ពុជា កំពុងតែសហការជាមួយក្រសួងការបរទេស ដើម្បីរៀបចំកិច្ចការនេះ អោយបានលឿន ដើម្បីដាក់អនុពន្ធយោធាកម្ពុជានៅជប៉ុន តាមសំណូមពរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងទស្សនកិច្ចនៅកម្ពុជា នៅខែមិថុនាខាងមុខ ពីសំណាក់មេបញ្ជាការកងកម្លាំងស្វ័យការពារជាតិជប៉ុន ហើយលោកក៏បានសំដែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា ដែលបានធ្វើការសម្រេចចិត្ត ក្នុងការអនុញ្ញាតឲ្យនាវា អង្គភាពបោសសម្អាតគ្រាប់មីនក្នុងសមុទ្រ របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលចតជាលើកទី១ បន្ទាប់ពីការសាងសង់រួចនៅកំពង់ផែជើងទឹករាម។ លោកវរសេនីយ៍ឯក បានចាត់ទុកថា ការចូលចតរបស់នាវាជប៉ុន និងមានប្រយោជន៍សម្រាប់កម្ពុជា ដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ នូវតម្លាភាព និងការបើកចំហ នៃគោលនយោបាយសន្តិសុខ របស់ប្រទេសកម្ពុជា ហើយក៏រួមចំណែកដល់ការជំរុញការផ្លាស់ប្ដូរវិស័យការពារជាតិ រវាងប្រទេសកម្ពុជា និងជប៉ុនផងដែរ ៕

















