មន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិកបានថ្លែងថា៖ បើទោះបីជាមានការផ្លាស់ប្តូររដ្ឋបាលនាពេលថ្មីៗនេះ នៅក្នុងសហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏ការិយាល័យស៊ើបអង្កេត និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ(Nuclear Smuggling Detection and Deterrence Program) ហៅកាត់ថា(NSDD) របស់អាមេរិក នៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មប្រឆាំងការរត់ពន្ធនុយក្លេអ៊ែរ និងភាពជាដៃគូរបស់(NSDD) ជាមួយអាជ្ញាធរជាតិអាវុធគីមីកម្ពុជា។ ការធានាអះអាងនេះ បានធ្វើឡើងក្នុងជំនួបកិច្ចប្រជុំ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ជាមួយប្រតិភូ(NSDD) នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិ។ លោក Benjamin Lee ប្រធានគម្រោង(NSDD) បានបន្តថា៖ យើងបានផ្តល់តម្លៃលើការងារ និងទទួលស្គាល់តួនាទីសំខាន់ របស់អាជ្ញាធរអាវុធគីមីកម្ពុជា ហើយវត្តមានរបស់យើងនៅទីនេះនៅថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់(NSDD) ក្នុងការជំរុញភាពជាដៃគូនេះ ទៅថ្ងៃអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ(NSDD) ដែលអញ្ជើញបានមកដល់កម្ពុជា និងបាននាំមកនូវក្តីសង្ឃឹមជាគោលការណ៍ ក្នុងការបន្តកិច្ចសហប្រតិបត្តិការណ៍តទៅអនាគត។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា៖ ឯកឧត្តម និងសហការីទាំងអស់ ត្រៀមខ្លួនជានិច្ចដើម្បីសហការ និងធ្វើអ្វីៗដែលអាចធ្វើបាន ដើម្បីជោគជ័យ នៃកិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា៖ កម្មវិធីស្រាវជ្រាវ និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ (NSDD) គឺជាគំនិតផ្តួចផ្តើមរបស់ ក្រសួងថាមពលសហរដ្ឋអាមេរិក ដែលមានគោលបំណង ពង្រឹងសមត្ថភាពអន្តរជាតិ ក្នុងការស្វែងរកបង្ក្រាប និងស៊ើបអង្កេត ការជួញដូរខុសច្បាប់ នៃសារធាតុនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្ម ដោយរារាំងមិនអោយមានការប្រើប្រាស់សារធាតុនេះ ក្នុងអំពើភេរវកម្មជាដាច់ខាត។ បេសកកម្មរបស់ (NSDD) គឺដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរប្រទេសជាដៃគូ ក្នុងការស្វែងរក បង្ក្រាប និងស៊ើបអង្កេត ការជួញដូរដោយខុសច្បាប់ នូវសារធាតុនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្ម។ បេសកកម្មនេះ រួមបញ្ចូលទាំងការផ្តល់ឲ្យប្រទេសជាដៃគូ (NSDD) ជាមួយនឹងប្រព័ន្ធរាវរកវិទ្យុសកម្ម ឧបករណ៍រាវរកវិទ្យុសកម្ម ប្រព័ន្ធទំនាក់ទំនង ឧបករណ៍សន្តិសុខ និងឧបករណ៍សុវត្តភាព ដើម្បីកាត់បន្ថយការគំរាមកំហែង នៃការរីកសាយភាយ និងការវាយប្រហារភេរវករ ដែលពាក់ព័ន្ធនឹងសម្ភារៈនុយក្លេអ៊ែរ។
តាមរបៀបវារ:ដែលបានគ្រោងទុក ភាគីទាំងពីរ និងបន្តជួបគ្នារហូតដល់ថ្ងៃទី២០ ខែមីនា ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ដោយរួមមានទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវ និងសាកល្បងអាវុធគីមី នៅលង្វែកផងដែរ ៕

























