ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

      យោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានឲ្យដឹងថា៖ សួនឧស្សាហកម្មសេ០១ (C-01) នេះ កើតចេញពីលទ្ធផលការងារទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាមួយនឹងក្រុមហ៊ុន SAGERAS DEFENSE នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំផ្ទៃដីប្រមាណជាង ១៣២ហិកតា ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥១។ សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ មានការស្ថាបនាផ្លូវធំ និងផ្លូវតូច ទំហំ ២៣ម៉ឹន៧ពាន់២២២ម៉ែត្រការ៉េ, តំបន់ផែស្ងួត ទំហំ ១០ម៉ឺន០៩៥ម៉ែត្រការ៉េ, តំបន់ជម្រើសទី១សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ៦៧ពាន់៩៣១ម៉ែត្រការ៉េ, តំបន់ជម្រើសទី២ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ៦៧ពាន់៩៣១ម៉ែត្រការ៉េ, តំបន់អគារពហុបំណងពាណិជ្ជកម្ម, តំបន់រោងចក្រ, តំបន់សាធារណៈ និងកីឡា, អគារស្នាក់នៅបុគ្គលិក កម្មករ និងសន្តិសុខ, តំបន់ស្តុកទឹក និងចំណតឡានអគ្គិភ័យ, តំបន់បន្សុទ្ធទឹក, តំបន់ចំណតឡានកម្មករ, តំបន់តូបផ្សារកម្មករ និងតំបន់លម្អបៃតង។ បច្ចុប្បន្នកំពុងធ្វើការចាក់ដីលុបបំពេញ ជីកប្រព័ន្ធលូបង្ហូរទឹក សាងសង់របងបណ្តោះអាសន្ន ចាក់បេតុងបានទំហំ ៤.៤ហិកតា និងកំពុងស្នើសុំច្បាប់អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) អាជ្ញាបណ្ណផែស្ងួត ព្រមទាំងបំពេញបែបបទពាក់ព័ន្ធផ្សេងៗទៀត ទៅតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងក្នុងឱកាសនោះថា៖ ការបើកការដ្ឋានសួនឧស្សាហកម្មសេ០១(C-01) គឺជាលទ្ធផលទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការវិនិយោគ រវាង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាមួយនឹងក្រុមហ៊ុន SAGERAS DEFENSE នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី  បានអរគុណចំពោះក្រុមហ៊ុម ដែលមានជំនឿទុកចិត្តមកលើអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សម្រេចចិត្តបណ្តាក់ទុនវិនិយគគម្រោងសួនឧស្សាហកម្មសេ០១(C-01) របស់ក្រសួងការពារជាតិ ដែលគម្រោងវិនិយោគនេះ នឹងរួមចំណែកលើកកម្ពស់សមត្ថភាព និងលទ្ធភាពវិស័យការពារជាតិកម្ពុជា ដែលនឹងរួមវិភាគទានដល់សន្តិភាព ស្ថេរភាព សន្តិសុខ និងវិបុលភាពនៅក្នុង និងក្រៅតំបន់ផងដែរ។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនសព្វសារពើ ជុំវិញការងារបច្ចេកទេសយោធានាពេលកន្លងមក ទទួលបានលទ្ធផលវេជ្ជមានគួឲ្យកក់សម្គាល់ ក្នុងនោះបានព្យាយាមស្វះស្វែងទំនាក់ទំនងក្រុមហ៊ុន សហគ្រាសឯកជន និងរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ធ្វើជាដៃគូវិនិយោគ សំដៅពង្រឹងនិងពង្រីកសមត្ថភាពលើគ្រប់ផ្នែក និងគ្រប់វិស័យ ស្របតាមផែនការនៃការកែទម្រង់ នៃខ.ភ.ម សៀវភៅសការពារជាតិ កម្មវិធីវិនិយោគ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី សុខសន្តិភាព នៃការអភិវឌ្ឍន៍ជូនសង្គមជាតិ និងមាតុភូមិយើង។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា មានជំនឿនិងក្តីរំពឹងយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SAGERAS DEFENSE ជាមួយនិងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់កម្ពុជា។ ជាអាទិ៍ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការផ្តល់ការងារជាអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០ ព្រមទាំងជួយរំលែក និងអភិវឌ្ឍស្ថាប័នការពារជាតិ កសាពង្រឹងពង្រីកសមត្ថភាព លទ្ធភាព ខ.ភ.ម ឲ្យឈានចូលដល់ដំណាក់កាលថ្មីមួយ ដល់ការប្រើបច្ចេកវិទ្យានៅក្នុងបច្ចេកទេសវិស័យយោធា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ