ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា នៅជំរំប្រវត្តិសាស្ត្រយោធាតេជោ ៥ មករា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ យោធិននារី នៃកងយោធពលខេមរភូមិន្ទ បានជួបជុំគ្នាចេញដំណើររពីរាជធានីភ្នំពេញ តាមរថយន្តសំរាប់ដឹកជញ្ជូនគណប្រតិភូរបស់ក្រសួងការពារជាតិ ឆ្ពោះទៅកាន់ការបោះជំរុំ និងដំណើរទស្សនកិច្ច នៅឯតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ៥ មករា ស្ថិតក្នុងទឹកដីខេត្តព្រះវិហារ។ ព្រឹតិ្តការណ៍នេះ គឺជាផ្នែកមួយនៃការរៀបចំរបស់ក្រុមការងារយេនឌឺរក្រសួងការពារជាតិ សំរាប់លើកទឹកចិត្តចំពោះយោធិននារី ដែលត្រូវបានជ្រើសរើសមកពីគ្រប់បណ្តាកងឯកភាពនានា ក្នុងកងយោពលខេមរភូមិន្ទ សរុបចំនួនជាង៥០០នាក់។ តាមកម្មវិធីដែលបានគ្រោងទុក យោធិននារីទាំងអស់ ត្រូវបោះតង់ស្នាក់នៅមួយយប់ថ្ងៃទី៧ ខែមីនា ក្នងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ៥ មករា ដែលមានចំងាយប្រមាណជាង១០គីឡូមែត្រ ពីប្រាសាទព្រះវិហារ ហើយដែលនៅទីនោះមានការរៀបចំពិធីពិសារអាហារសាមគ្គីមួយ ក្រោមវត្តមានជាគណអធិបតីពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ លុះព្រឹកឡើងត្រូវនឹងថ្ងៃទី ៨ ខែមីនា ខួបលើកទី១១៤ ទិវាអន្តរជាតិនារី យោធិននារីទាំងអស់នឹងចេញដំណើរថ្មើរជើង ទៅទស្សនាប្រាសាទព្រះវិហារ។ 

      ដូចកម្មវិធីដែលបានគ្រោងទុក ពិធីជួបជុំអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ៥ មករា ខេត្តព្រះវិហារ បានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រិក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការង អគ្គស្នងការរង នគរបាលជាតិ, ឯកឧត្តម អភិបាល នៃគណអភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ នាយទាហានជាន់ខ្ពស់ និងយោធិននារី មកពីអង្គភាពចំណុះកងយោធពលខេមរភូមិន្ទ ប្រមាណជាង៥០០នាក់។

      តាមរយៈមតិស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី ចន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានបញ្ចាក់អោយដឹងថា៖ ទិវាអន្តរជាតិនារី ៨ មីនា នេះ គឺដើម្បីបានស្វែងយល់ពីស្ថានភាពទូទៅនៅតំបន់ប្រសាទព្រះវិហារ ដែលកងយោធពលខេមរភូមិន្ទ កំពុងឈរជើងរក្សាការពារបានយ៉ាងរឹងមាំ គ្រប់បណ្តាចំណុចខ្ពស់ និងតំបន់ជួរមុខ ហើយក៏បានស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រយោធោតេជោ៥មករា ដែលមានទំហំ១០៤ហិកតា ជាតំបន់គំរបព្រៃឈើជាប់ភូមិសាស្រ្តភ្នំទ្រព្យ វាលឥន្រ្ទីយ៍ និងឧទ្យានជាតិថៃ តាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

      ចំណែកឯ  ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណអភិបាលខេត្តពះវិហារ បានមានប្រសាសន៍ថា៖ ក្នុងនាមអភិបាល និងប្រជាពលរដ្ឋខេត្តព្រះវិហារ ឯកឧត្តម សូមស្វាគមន៍ ឯកឧត្តមនាយឧត្តមសេនីយ័ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រិក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងប្រតិភូយោធិននារី ក្រសួងការពារជាតិទាំងអស់ ហើយឯកឧត្តមកត់សំគាល់ផងដែរថា៖ នេះជាការបោះជំរំលើកទី១ហើយ ដែលកងពលធំលេខ៣ទទួលភ្ញៀវ អោយចូលមកទស្សនា និងបោះជំរំ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធា៥មករានេះ។

      លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងឳកាសនោះថា៖ ឆ្នាំនេះពិតជាឆ្នាំពិសេស ដែលបងប្អូន យោធិននារី ក្នុងកងយោធពលខេមរភូមិន្ទ បានចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា នៅតំបន់ប្រវត្តិសាស្ត្រយោធាសម្តេចតេជោ៥មករា ស្ថិតក្នុងបរិបទដែលសង្គមបានឲ្យតម្លៃដល់ស្ត្រីកម្ពុជា បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ការចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី នៅឆ្នាំនេះ គឺប្រារព្វឡើងក្រោមប្រធានបទ“សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្នុងគោលដៅដើម្បីគូសបញ្ជាក់ អំពីសារៈសំខាន់ នៃការទទួល បាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពី ភាគលាភ យេនឌ័រ ជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

      មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនយោធិននារី ក្នុងឧឱកាសនោះ  ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា តាងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងយោធពលខេម រភូមិន្ទ និងក្នុងនាមឯកឧត្តមផ្ទាល់ និងភរិយា ឯកឧត្តម បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយលោកជំទាវ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់នៅទីនេះ ជាពិសេសជាមួយនារី ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ដ៏មានអត្ថន័យនាពេលនេះ។ ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវ សមិទ្ធផល និងស្នាដៃ សកម្មភាពបំពេញភារកិច្ចក្នុងបេសកកម្មបម្រើប្រទេសជាតិ មាតុភូមិ ការពាររឹងមាំគង់វង្ស បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ហើយក្នុងនោះក៏មានការចូលរួមចំណែកយ៉ាងធំធេងមិនអាចខ្វះបាន ពីសំណាក់យោធិននារី ក្នុងកងយោធពលខេមរភូមិន្ទយើងនាពេលកន្លងមក។ ឯកឧត្តម  ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រ ក្រសួងការពារជាតិទាំងអស់ ក៏ដូចជាកងឯកភាព កងពលតូចអន្តរាគមន៍លេខ៨ ដែលបានខិតខំបំពេញការងារដ៏មមាញឹក សម្រេចបាននូវលទ្ធផលល្អប្រសើរ។  

      ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ផ្តាំផ្ញើចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឱ្យបានជោគជ័យ តាមតួនាទី ភារកិច្ច របស់ខ្លួនមានជាអាទ៍ ត្រូវបន្តរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញពាក់ព័ន្ធនឹងសិទ្ធិ សមភាព និងភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី ក៏ដូចជាវិធានការគោលនយោបាយ និងផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ របស់ក្រសួងការពារជាតិ ដំណាក់កាលទី២ ដែលបានដាក់ចេញ។

     បន្ទាប់មកនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្បួនដំណើរដោយថ្មើជើងរបស់យោធិននារី ក្រសួងការពារជាតិ បានចាប់ផ្ដើមចាកចេញពីជំរំយោធាប្រវត្តិសាស្ត្រតេជោ៥មករា ឆ្ពោះទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ក្រោមវត្តមានចូលរួមដឹកនាំក្បួនដោយ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការចូលរួមផងដែរ ពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ។ 

      តាមរយៈយុទ្ធដំណើរដោយថ្មើជើងនេះ យោធិននារីក្រសួងការពារជាតិ បានទស្សនាដោយផ្ទាល់នូវទេសភាពដ៏ស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងសមិទ្ធិផលថ្មីៗផ្សេងៗទៀត ដែលខេត្តព្រះវិហារសម្រេចបាន។ ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាង ១ពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំ នៅលើកំពូលភ្នំព្រះវិហារ នៃជួរភ្នំដងរែក ដែលមានកម្ពស់ប្រមាណ៦២៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ នាំឲ្យមនុស្សម្នាកោតស្ញប់ស្ញែង ចាត់ទុកជាទីសក្ការ: និងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់។ ប្រាសាទព្រះវិហារមានឈ្មោះដើមថា ស្រីសិក្ខាគិរីស្វារៈ ដែលមានន័យថាជាម្ចាស់នៃកំពូល។ តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើន ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ នៃគ្រិស្តសករាជឆ្នាំ៨៨៩ ធ្វើឡើងអំពីថ្មភក់ នៅលើទីតាំងខ្ពស់មួយ នៃជួរភ្នំដងរែក ដែលកាលនោះគឺស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរ ដែលបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃ។ ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រ សាងសង់ក្នុងអំឡុងចុងសតវត្សទី៩ បញ្ចប់ទៅនៅដើមសតវត្សទី១២ ក្រោមរជ្ជកាលព្រះបាទសុរិយវរ្ម័នទី២ នៃសម័យមហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដែលជាព្រះអាទិទេព នៅក្នុងព្រហ្មញ្ញាសាសនា។ ប្រាសាទព្រះវិហារ បានឆ្លងកាត់នូវដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវការតស៊ូ យ៉ាងស្វិតស្វាញគ្រប់រូបភាព របស់កុលបុត្រកុលៈធីតាអ្នកស្នេហាជាតិខ្មែរ ក្នុងកិច្ចការការពារថែរក្សាបូរណភាពទឹកដី  ឱ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ។

      ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលគួរឲ្យចងចាំនោះគឺថ្ងៃ១០ ខែតុលា ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីយូនីស្កូ លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា។

       ចំពោះស្ថានភាពបច្ចុប្បន្នរបស់ទឹកដីខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រាសាសន៍ថា៖ ខេត្តព្រះវិហារមាន៨ក្រុងស្រុក ដែលមានជាប់ព្រំប្រទល់ប្រទេសថៃ១២៩គីឡូម៉ែត្រ និងប្រទេសឡាវ១៤៤គីឡូម៉ែត្រ។ ស្ថានភាពទូទៅគឺបងៗពូៗ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែននេះ គឺលោកបានធ្វើការយ៉ាងសកម្ម ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប៉ុន្តែអ្វីដែលជាចំណុចសំខាន់នោះគឺ ពួកគាត់បន្ថែមទៅលើភារកិច្ចស្នូល ក៏បាននាំគ្នាបង្កបង្កើនផល ចិញ្ចឹមគ្រួសារ តាមរយៈការធ្វើកសិកម្មនៅទីនេះ មានដូចជាធ្វើស្រែ ដាំស្វាយចន្ទី ដាំស្វាយ ដាំដំឡូង។ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅទីនេះ ទី១.មានវិស័យកសិកម្ម, ទី២.វិស័យទេសចរណ៍។ ខេត្តព្រះវិហារ ជាខេត្តដែលមានប្រាសាទច្រើនជាងគេទី២ បន្ទាប់ពីខេត្តសៀមរាប។ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា៖ ព្រះវិហារកំពុងត្រូវការជម្រុញកំណើនទេសចរណ៍ ត្រូវការឲ្យបងប្អូនប្រជាពលរដ្ឋមកលេងនៅលើប្រាសាទរបស់ខ្លួន និងមកលេងតាមបណ្ដោយព្រំដែន ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ