ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន កងការពារព្រំដែន៤២២ ឈរជើងការពារប្រាសាទតាមន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥  ដដែលនោះ បន្ទាប់ពីបានចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន កងការពារព្រំដែន៥០៣ កងពលតូចថ្មើរជើងលេខ៥១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ដឹកនាំគណ:ប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខភម បន្តចុះសួសុខទុក្ខនាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន៤២២ កងពលតូចថ្មើរជើងលេខ៤២  ដែលកំពង់ឈរជើងការពារបូរភាពទឹកដីនៅក្នុងខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ បន្តទៀត ដែលបានប្រារព្ធធ្វើនៅទីបញ្ជាការ កងការពារព្រំដែន៤២២។

      ក្នុងនាមនាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន៤២២ កងពលតូចថ្មើរជើងលេខ៤២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤ បានសម្តែងការស្វាគមន៍ និងបានបញ្ជាក់អោយដឹងថា៖ យោធភូមិភាគទី៤ បានទទួលខុសត្រូវក្នុងភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី នៅក្នុងភូមិសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រវែង៣៥០គីឡូមែត្រ និងជាមួយប្រទេសឡាវប្រវែង១២៩គីឡូមែត្រ។ ក្រៅពីបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី និងចូលរួមសហការ បំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនាយទាហាន នាយទហានរង និងពលទាហាន យោធភូមិភាគទី៤ ក៏ដូចជាកងការពារព្រំដែន៤២២ កងពលតូចថ្មើរជើងលេខ៤២  បានចូលរួម បង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងជាយកថាហេតុ។ ក្រៅពីនេះ បានធ្វើកិច្ចសហប្រតិបត្តិការបានល្អជាមួយប្រទេសជិតខាង រាល់បញ្ហាផ្សេងៗ ហើយគ្រប់បណ្តាអង្គភាពបានយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ធានាបាននូវការគ្រប់គ្រងដឹកនាំបញ្ជា និងផ្គត់ផ្គត់ជីវភាពរស់នៅដល់កងទ័ពបានសមរម្យ។

      ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និង ពល ទាហាន កងការពារព្រំដែន ៤២២ កងពលតូចថ្មើរជើងលេខ ៤២  ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពាំនាំនូវការនឹករលឹកពី សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ  ជូនចំពោះកងការពារព្រំដែន៤២២ ទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និងការគោរពស្រឡាញ់រាប់អាន។ ឯកឧត្តម បានសម្តែងការអបអរសាទរ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចរបស់ នាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន ៤២២ យោធភូមិភាគទី៤ទាំងអស់ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ការពារសម្បត្តិវប្បធ៌មជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកអោយ និង ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។ 

      ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងអំពីការធ្វើទំនើបកម្មក្នុងកងទ័ព ដែលទាមតាអោយ នាយទាហាន នាយទហានរង និងពលទាហាន ត្រូវខិតខំរៀនសូត្រ ទាំងចំណេះដឹងទូទៅ មុខជំនាញបច្ចេកទេស អប់រំចិត្តសាស្ត្រ  ដើម្បីពង្រឹងកាយសម្បទាអោយបានរឹងមាំ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន៤២២ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ។ ត្រូវខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព អោយបានកាន់តែល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ គោលបំណងរបស់ប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខភម មកកាន់កងការពារព្រំដែន៤២២ នាពេលនេះ ក្នុងគោលបំណងសាកសួរសុខទុក្ខកងទ័ព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធា ដែលជាសមិទ្ធផលនយោបាយឈ្នះ ឈ្នះ បានបន្សល់ទុក្ខកាលពីសម័យសង្គ្រាម។

      ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន និងពលទាហាន កងការពារព្រំដែន៤២២ទាំងអស់ សូមអោយទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា   អោយទទួលបានសេចក្តីសុខ សេចក្តីចម្រើន សូមមានកម្លាំងខ្លាំងក្លាបញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។ ឯកឧត្តម ទៀ សីហា ក៏បានប្រគល់ថវិកា ជូនដល់ការពារព្រំដែន៤២២ បណ្តាអង្គភាពកងកម្លាំងឈរជើង នៅទិសយោធភូមិភាគទី៤ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ