រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូនរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តដឹកនាំគណ:ប្រតិភូក្រសួងការពារជាតិ អញ្ជើញចុះសួសុខទុក្ខ នាយទាហាន ពលទាហាន វរសេនាតូចថ្មើរជើងលេខ ៥១១ យោធភូមិភាគទី ៥ បន្តទៀត។
លោកវរសេនីយ៍ត្រី លឹម វណ្ណរិទ្ធ មេបញ្ជាការវរសេនាតូចលេខ ៥១១ កងពលតូចថ្មើរជើងលេខ ៥១ បានសម្តែងការស្វាគមន៍ និងបានបញ្ជាក់អោយដឹងថា៖ វរសេនាតូចថ្មើរជើងលេខ ៥១១ យោធភូមិភាគទី ៥ មានភារកិច្ចទទួលខុសត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តោយព្រំដែន និង ការពារអធិបតេយ្យ បូរណភាពទឹកដី និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍតំបន់ព្រំដែនអោយមានការរីកចំរើន។ លោកវរសេនីយ៍ត្រី លឹម វណ្ណរិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥១១ បានបញ្ជាក់ទៀតថា៖ ក្រៅពីចូលរួមសហការ បំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី វរសេនាតូចថ្មើរជើងលេខ ៥១១ បានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស ការទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់ បទល្មើសព្រៃឈើ នេសាទ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងជាយកថាហេតុ។ លោកវរសេនីយ៍ត្រី លឹម វណ្ណរិទ្ធ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែផ្តល់អំណោយដល់ វរសេនាតូចថ្មើរជើងលេខ ៥១១ ក្នុងនោះរដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងារផ្តល់អាវរងារ ដែលអំណោយទាំងនេះបានលើកទឹកចិត្តដល់ នាយទាហាន ពលទាហាន វរសេនាតូចថ្មើរជើងលេខ ៥១១ អោយកាន់តែមានស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចថែមទៀត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ ៥១១ យោធភូមិភាគទី ៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពាំនាំនូវការនឹករលឹកពី សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយទាហាន ពលទាហាន វរសេនាតូចថ្មើរជើងលេខ ៥១១ ទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និងការគោរពស្រឡាញ់រាប់អាន។ ឯកឧត្តម បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលទាំងឡាយ ដែលវរសេនាតូចថ្មើរជើងលេខ ៥១១ សម្រេចបាន ក្នុងការកសាងអង្គភាព ការរៀបចំផ្ទះបាយ ជាពិសេសការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ឲ្យបានល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ គោលបំណងរបស់ប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខ.ភ.ម មកកាន់វរសេនាតូចថ្មើរជើងលេខ ៥១១នាពេលនេះ ក្នុងគោលបំណងសាកសួរសុខទុក្ខកងទ័ព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិនិត្យមើលស្ថានភាព ជីវភាពរស់នៅ របស់នាយទាហាន ពលទាហានទាំងអស់ ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ ៥១១ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនរៀនសូត្រ គ្រប់មុខជំនាញ និងបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាង។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូន នាយទាហាន ពលទាហាន ទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់គ្រឿងញៀន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន និងពលទាហាន វរសេនាតូចថ្មើរជើងលេខ ៥១១ ទាំងអស់ សូមទទួលបានជោគជ័យ សិរីសួរស្ដី ជ័យមង្គលក្នុងឆ្នាំថ្មី សូមមានកម្លាំងខ្លាំងក្លាបញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ច។ ឯកឧត្តម ទៀ សីហា ក៏បានប្រគល់ថវិកាជូនដល់វរសេនាតូចថ្មើរជើងលេខ ៥១១ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

























