ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

          រសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចុះសាកសួរសុខទុក្ខកងទ័ពនៅតាមប៉ុស្តិ៍ប៉មជួរមុខនៃមាតុភូមិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន ស្ថិតនៅក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានចំងាយពីព្រំដែនថៃប្រមាណ ២០០ ម៉ែត្រ។

          ពេលអញ្ជើញដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន​​ លោកឧត្តមសេនីយ៍ត្រី ផេង ធី នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥៣ ក្នុងនាមឱ្យថ្នាក់ដឹកនាំ និងក្រុមការងារប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី៥ រួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅទិសទី២ទាំង​ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រសួងការពារជាតិ ​ ក្នុងដំណើរចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ជួរមុខក្នុងទិសទី២យោធភូមិភាគទី៥ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័កព.ស ២៥៦៩ និងបានអញ្ជើញមកធ្វើទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន។ លោកឧត្តមសេនីយ៍ត្រី ផេង ធី ​បានបញ្ជាក់ថា៖ អនុវត្តន៍តាមការដឹកនាំ ណែនាំ និងការចង្អុលបង្ហាញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យមានការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ដើម្បីរក្សាតឹកតាង និងគុណតម្លៃ នៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ដែលនាំឱ្យមានសន្តិភាពពេញលេញនៅកម្ពុជា នៅឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ណឹម សុវត្តិ ប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធាក្រសួងការពារជាតិ បានដឹកនាំក្រុមប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី៥ និងបណ្តាអង្គភាពចំណុះ ចុះសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ និងកំណត់បានទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងភូមិសាស្ត្រ ៣ស្រុក នៃខេត្តបាត់ដំបង បានចំនួន៣ទីតាំង ចាប់ពីព្រំប្រទល់ស្រុកមាឡៃ រហូតដល់ព្រំប្រទល់ខាងជើងខេត្តប៉ៃលិន ក្នុងនោះរួមមាន៖ ទី១.តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ស្ថិតនៅក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង, ទី២.តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំព្រឹក ស្ថិតនៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី៣.តំបន់ប្រវត្តិសាស្ត្រយោធាតេជោអូរដាកំរៀង ស្ថិតក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

          សូមបញ្ជាក់ថា៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន គឺជាអតីតទីតាំងរបស់រណសិរ្យ ២៥០ របស់កម្ពុជាប្រជាធិបតេយ្យ ដែលពីអតីតកាលមាន ឯកឧត្តម នី កន ជាប្រធានរណសិរ្យ ២៥០ ហើយក្នុងពេលបច្ចុប្បន្ននេះ  ឯកឧត្តម ជាទីប្រឹក្សាក្រសួងការពារជាតិផងដែល។ តំបន់ភ្នំ៣២ សំពៅលូន គឺជាអតីតសមរភូមិ ស៊ីសុផុនខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨២។ តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំ៣២ សំពៅលូន មាននៅសល់​អតីតផ្ទះរបស់រណសិរ្យ ២៥០ មានចំនួន ២ខ្នង សាងសង់ពីឈើ ផ្ទះធំមួយខ្នង ជាសាលាប្រជុំរៀនសូត្រនយោបាយ ទំហំ ១៨ គុណ ២៣ ម៉ែត្រ និង ផ្ទះតូច ១ ខ្នងទំហំ ៧ គុណ ៩ ម៉ែត្រ សាងសង់ពីឈើ សំរាប់កម្មាភិបាលឡើងមកប្រជុំ រៀនសូត្រ និងស្នាក់នៅ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ជាកន្លែងដែល សម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានអញ្ជើញមកទទួល និងសំណេះសំណាលជាមួយកម្លាំងរណសិរ្ស២៥០ ដែលបានធ្វើសមាហរណកម្មចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល, ជាកន្លែងដែលកម្លាំងសមាហរណកម្ម មានមោទនភាពបំផុតក្នុងជីវិតរបស់ខ្លួន ដែលទទួលបាននូវសិទ្ធសេរីភាព និងសន្តិភាព ដែលពុំធ្លាប់មានកន្លងមក ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ដែលផ្តល់នូវស្នាមញញឹមដល់ពួកគេ។

          ក្នុងឱកាសចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការគាំទ្រចំពោះកិច្ចការប្រវត្តិសាស្រ្តយោធា ដែលបានធ្វើកន្លងមក ដោយឯកឧត្តម បានលើកយកនូវអនុសាសន៍របស់ សម្តេចតេជោ  មកបញ្ជាក់ថា៖ «មានតែអ្នកឈ្នះទេ ដែលជាអ្នកសរសេរប្រវត្តិសាស្ត្រ» ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានឯកភាពចំពោះការរៀបចំជាតឹកតាង ដើម្បីអោយយុវជនជំនាន់ក្រោយបានឃើញពីប្រវត្តិសាស្ត្រយោធា ដែលជាជំនួយដល់វិស័យទេសចរណ៍ផងដែរ។  ឯកឧត្តម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំអភិវឌ្ឍតំបន់ព្រំដែន អោយក្លាយជាព្រំដែនសន្តិភាព ដើម្បីប្រជាជនប្រទេសទាំងពីរ មានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រកបមុខរបររកស៊ីបានងាយស្រួល ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ