ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបដកពិសោធន៍ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 MH-912

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបូកសរុបប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9-MH912 នៅតំបន់ភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានការចូលរួមពីបណ្តាកងឯកភាព ដែលបានចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 ជាច្រើនរូបទៀត។

       ក្នុងឱកាសនោះបន្ទាប់ពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តពោធិសាត់ បានឡើងមានមតិស្វាគមន៍រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ ប្រតិបត្តិការរុករកការធ្លាក់ឧទ្ធម្ភាគចក្រ Z9 បានឡើងអានរបាយការណ៍ស្តីពី ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9-MH912 នៅតំបន់ភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបញ្ចាក់អោយដឹងថា៖ កន្លងមកកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ Z9 លេខ MH-912 បានហោះបំពេញបេសកកម្មហ្វឹកហ្វឺន ពីភ្នំពេញមកទីប្រជុំជនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានជួបគ្រោះថ្នាក់ធ្លាក់នៅ តំបន់ភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រោយពីហេតុការណ៍បានកើតឡើងភ្លាម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួងការពារជាតិ និងអគ្គបញ្ជាការ ចេញប្រតិបត្តិការរុករកជាបន្ទាន់ ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ និងសង្គ្រោះដល់អាកាសយានិករបស់យើង។ តាមបទបញ្ជាខាងលើក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានចាត់តាំងកម្លាំងចេញប្រតិបត្តិការរុករក និងសង្គ្រោះ ដែលមានកម្លាំងចូលរួមពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងអាកាស អាជ្ញាធររដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន ហេលីស្តា(Heli Star) ដែលមានកម្លាំងសរុបចំនួន១,០០៧នាក់ និងបានបង្កើតទីបញ្ជាការប្រតិបត្តិការរុករក ដែលដឹកនាំដោយ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា៖ ក្រោយពីបានធ្វើការវាយតម្លៃ និងសន្និដ្ឋានអំពីចំណុចធ្លាក់ និងកំណត់តំបន់រុករករួចមក កម្លាំងទាំងអស់បានចេញប្រតិបត្តិការរុករកតាមបទបញ្ជា និងតាមភូមិសាស្ត្រដែលបានកំណត់ក្នុងតំបន់រុករក ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង១៣:៣០នាទី កម្លាំងរបស់យើងបានរុករកឃើញឧទ្ធម្ភាគចក្រZ9 លេខMH-912 បានធ្លាក់នៅភ្នំយ៉ាវយ៉េ ចម្ងាយ១៧គីឡូម៉ែត្រ ពីទីប្រជុំជនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានយកសាកសពអាកាសយាននិកទាំងពីរនាក់ ដែលបានគ្រោះថ្នាក់មកបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅរាជធានីភ្នំពេញវិញ។

      ថ្លែងក្នុងឱកាសបូកសរុបប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សម្ដេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានចូលរួមក្នុងបេសកម្មរុករកធ្លាក់ឧទ្ធម្ភាគចក្រ Z9 កន្លងមកនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរចំពោះកងកម្លាំងប្រតិបត្តិការទាំងអស់ ដែលបានប្តេជ្ញាចិត្តរុករកឃើញឧទ្ធម្ភាគចក្រ ប្រកបដោយជោគជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ-ប័ណ្ណ ថ្លែងអំណរគុណ ជូនឯកឧត្ដម ជាថ្នាក់ដឹកនាំ មេបញ្ជាការសប្បុរសជន និងនាយទាហាន នាយទាហានរង ដែលបានចូលរួមក្នុងប្រតិបត្តិការរុករកមនិងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 MH-912 កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក។

      សូមបញ្ជាក់ថា ៖ ប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ Z9 -MH912 នៅតំបន់ភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលទទួលជោគជ័យកន្លងមក គឺដោយមានការយកចិត្តទុកដាក់ និងដឹកនាំណែនាំជាប់ជាប្រចាំពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងការចូលរួមយ៉ាងសកម្មពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត-ស្រុក ក្រុមហ៊ុន Heli Star បានធ្វើឱ្យប្រតិបត្តិការរុករក និងសង្គ្រោះ អនុវត្តដោយស្រុះគ្នា ទាន់ពេលវេលារហូតសម្រេចបានជោគជ័យ។ ក្រុមការងារប្រតិបត្តិការរុករកការធ្លាក់ឧទ្ធម្ភាគចក្រ Z9 សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន៤០០លានរៀល ដល់កម្លាំងរុករកនិងសង្គ្រោះ និងថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ប្រតិបត្តិការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ Z9 MH-912 កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ