ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងរក្សាសន្តិភាព

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងរាជអាវុធហត្ថលេខ២៧៨ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៣៦ និងកងកម្ទេចគ្រឿងផ្ទះលេខ៩៨-ទី២ ដែលបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ​ និង​មានការចូលរួមពីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់អោយដឹងថា៖​ គិតពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប សរុបចំនួន ១០,១៨១នាក់ ដែលក្នុង នោះមាននារីចំនួន៩៣០នាក់ ទៅកាន់បេសកកម្ម ចំនួន១២ ក្នុងចំនួន១០ប្រទេស។  បច្ចុប្បន្នកម្លាំងរក្សាសន្តិភាពកម្ពុជាមានចំនួន៦២៧នាក់ ក្នុងនោះ នារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានបញ្ចាក់ទៀតថា៖ ផ្អែកតាមការវាយតម្លៃ ពីអង្គការសហប្រជាជាតិ កម្ពុជាឈរលំដាប់លេខរៀងទី២៨ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង និងលេខ៣ ក្នុងសមាគមអាស៊ាន រីឯនារីឈរលំដាប់លេខរៀងទី១៣ស្ទួន ជាមួយប៉ាគីស្ថាន ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង និងលេខ២ ក្នុងសមាគមអាស៊ាន (ដែលឥណ្ឌូនេស៊ីឈរលំដាប់លេខ១)។ កងដែលវិលត្រឡប់នាពេលនេះមានចំនួន៣កង រួមមាន៖ កងអាវុធហត្ថលេខ២៧៨ មានចំនួន៧៣នាក់ ក្នុងនោះនារី៣៤ ដែលមេបញ្ជាការជានារី, កងវិស្វកម្មពហុជំនាញលេខ៨៣៦ ចំនួនសរុប១៨៤នាក់ ក្នុងនោះនារី៣៨នាក់  ដែលមេបញ្ជាការជានារី និងកងកម្ទេចគ្រឿងផ្ទះលេខ៩៨-ទី២ ចំនួន៩៨នាក់ ក្នុងនោះនារីចំនួ១៥នាក់ ដែលបានដឹកនាំដោយបានអនុវត្តភារកិច្ច ប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ឯកឧត្តមបន្តថា៖ ក្នុងបេសកកម្មរក្សាសន្តិភាព កងកម្លាំងយើង​ តែងតែបានចែករំលែកនូវជំនាញ និងបទពិសោធន៍ល្អៗជាមួយបណ្តាប្រទេស ដែលរងដោយជម្លោះ និងអស្ថិរភាព ដើម្បីរួមគ្នារកដំណោះស្រាយក្នុងការស្ដារឡើងវិញសន្តិសុខ និងសន្តិភាពក្នុងតំបន់បេសកកម្ម។

​       ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨៣៦ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨-ទី២ ដែលមានសមត្ថភាពក្នុងការកសាងសមិទ្ធផលយ៉ាងច្រើន ជូនកងយោធពលខេមរភូមិន្ទ បានរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក្នុងនោះកងរាជអាវុធហត្ថលេខ២៧៨ និងកងវិស្វកម្ម ពហុជំនាញលេខ៨៣៦ ដឹកនាំដោយមេបញ្ជាការជានារី។ លទ្ធផលដែលទទួលបាននាពេលនេះ បានបង្ហាញថា ការចូលរួមរបស់ស្ត្រី ក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យ តាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកខិតខំប្រឹងប្រែងអនុវត្តតាមកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាព ក្នុងការបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកងទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់គម្រូវីរភាពរបស់ស្ត្រីកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ដែលបច្ចុប្បន្នយើងមានកងកម្លាំងស្ត្រីចំនួន២០.៨% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន១០ រួចមកហើយ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា ​បានដល់ជម្រុញមជ្ឈមណ្ឌលជាតិ ត្រូវបន្តការហ្វឹកហាត់រយៈពេលខ្លី-វែង ក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ជំនាញ និងលើកទឹកចិត្តដល់ការពង្រឹងសមត្ថភាព ផ្នែកបច្ចេកវិទ្យាឌីជីថល ភាសាបរទេស និងចំណេះដឹងទូទៅ។ ​​ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ឯកឧត្តម ​សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងយោធពលខេមរភូមិន្ទ សម្រេចបានជោគជ័យ លើវិស័យរក្សាសន្តិភាព ដែលជាស្នាដៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបានជូនជាតិមាតុភូមិនៃយើង និងជាកិត្តិយសសម្រាប់ជាតិ ដែលជាប្រទេសមួយកំពុងដើរតួយ៉ាងសកម្មដោយស្មើភាព ស្មើសិទ្ធិ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ