ក្នងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ សំរាប់ខែមីនាឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ មានភារកិច្ចសំខាន់ៗចំពោះមុខគឺ ត្រៀមរៀបចំលំហាត់សមយុទ្ធ នាគមាសឆ្នាំ ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ត្រៀមកិច្ចការជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន សម្រាប់ការចុះសាកសួរសុខទុក្ខ បណ្តាអង្គភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រៀមទទួលដំណើរ មាតុភូមិនិវត្តន៍ កំលាំងចប់អាណត្តិ បេសកកម្ម រក្សាសន្តិភាព អ ស ប នៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល និងលីបង់ និងចាត់តាំងខួបអនុស្សាវរីយ៍លើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ ២០២៦។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ក៏បានឯកភាពលើចំណុចកែលំអលើរបាយការណ៍ការងារប្រចាំខែកុម្ភៈ អំពីការលំអិតវឌ្ឍនភាពការងារវិស្វកម្ម និងបន្ថែមរបាយការណ៍លទ្ធផលការងារ របស់កងយោធពលខេមរភូមិន្ទ ចុះជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋផងដែរ។
យោងតាមសេចក្តីព្រៀងរបាយការណ៍បានអោយដឹងថា៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖
ក្នុងនោះកងយោធពលខេមរភូមិន្ទបានធ្វើ ល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំង បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។ ដោយឡែកផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ពិសេសសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ និងសកម្មភាព ជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាមួយគ្នានេះកងយោធពលខេមរភូមិន្ទបានបន្តយកចិត្តទុកដាក់ អនុវត្តការងារហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញផ្សេងៗ ការរៀបចំសំណុំបែបបទផ្ទេរយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាព គុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ពនិងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការ ប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធ ធារាសាស្ត្រ សំណង់អគារគ្រប់ប្រភេទ ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការងារប្រវត្តិសាស្ត្រយោធា ការគ្រប់គ្រង និងអភិវឌ្ឍន៍វិមានឈ្នះឈ្នះ ព្រមទាំងការងារមួយចំនួនទៀតតាមផែនការ ៕



























