បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM Retreat) ឆ្នាំ២០២៥ អស់រយៈពេលប៣ថ្ងៃ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ីរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។
អញ្ជើញទទួលដំណើរគណៈប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម ជាអគ្គនាយក អគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថ ព្រមទាំងនាយទាហានជាន់ខ្ពស់ ស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជាច្រើនរូបទៀត។
សូមបញ្ជាក់ថា៖ ដំណើរការចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ “ការឯកភាពអាស៊ានដើម្បីសន្តិសុខ និងវិបុលភាព” ដោយផ្ដោតលើកិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈ ស្ដីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមាន ពង្រឹងមជ្ឈភាពអាស៊ាន និងព្រមទាំងគិតគូរលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឲ្យមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្រោមយន្តការ (ADMM) និង (ADMM-Plus)។ ជាមួយគ្នានោះរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិតAI ក្នុងវិស័យការពារជាតិបាននាំមកនូវការរឹតចំណងមិត្តភាពសាមគ្គីភាព និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដែលជាផលប្រយោជន៍រួម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ឲ្យបានកាន់តែប្រសើរឡើងផងដែរ ៕










