ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការសាទរចំពោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការពារជាតិឡាវ និងស្វាគមន៍គណៈប្រតិភូឡាវ ដែលបានចំណាយពេលវេលាជួបពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ឡាវ ដែលជំនួបនេះបានឆ្លុះបញ្ចាំងអំពីការជឿទុកចិត្ត និងភាពស្អិតរមួត រវាងប្រទេសទាំងពីរ ដែលតែងតែរៀបចំឲ្យមានកិច្ចសន្ទនារវាងគ្នា នៅស្ទើរគ្រប់វេទិកាតំបន់ និងអន្តរជាតិ។ នៅក្នុងជំនួបភាគីទាំងពីរ បានផ្ដោតកិច្ចពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសនៅតាមព្រំដែន ការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចយោធា ការបង្កើនចំនួនសិក្ខាកាមទៅវិញទៅមក ក៏ដូចជាការបន្តលំហាត់ហ្វឹកហ្វឺនរួមគ្នាជាដើម។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មាន រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជារវាងកម្ពុជា-ឡាវ-វៀតណាម។ នៅឆ្នាំ២០២៥នេះ ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាម និងលំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងទ័ពទាំងបីប្រទេសកម្ពុជា-ឡាវ-វៀតណាម។ ហើយក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេសឡាវ ក៏បានស្នើអញ្ជើញនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឡាវផងដែរ ៕
















