ជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍  ង្វៀន តាន់ គួង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

     ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការស្វាគមន៍ចំពោះនាយឧត្តមសេនីយ៍  ង្វៀន តាន់ គួង និងគណៈប្រតិភូវៀតណាម ដែលបានចំណាយពេលដ៏មមារញឹកដើម្បីជួបពិភាក្សាការងារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-វៀតណាម ដែលជំនួបនេះបានក្លាយជាប្រពៃណីមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការប្រាស្រ័យទាក់ទងគ្នា នៅស្ទើរគ្រប់វេទិកាតំបន់ និងអន្តរជាតិ។

      នាយឧត្តមសេនីយ៍  ង្វៀន តាន់ គួង ក៏បានសម្តែងការអបអរសាទរក្រសួងការពារជាតិកម្ពុជា ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិកម្ពុជា-វៀតណាម-ឡាវ និងលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-វៀតណាម-ឡាវ ក្រោមប្រធានបទ “ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ” ដែលនេះជាការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសដើម្បីត្រៀមលក្ខណៈឆ្លើយតបជាបន្ទាន់ និងត្រៀមដោះស្រាយជាយថាហេតុ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនានា។

     ក្នុងកិច្ចពិភាក្សាភាគីទាំងពីរ ក៏បានឯកភាពលើវឌ្ឍនភាពនៃសហប្រតិបត្តិការយោធាក្នុងបណ្តាឆ្នាំកន្លងមកដែលបានអនុវត្តបានយ៉ាងពេញលេញ ហើយកំពុងមានការកើនឡើងជាលំដាប់។ ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីយោធាជាន់ខ្ពស់ទៅវិញទៅមក ការជ្រើសរើសសិក្សាកាមមានសមត្ថភាពទៅសិក្សានៅប្រទេសវៀតណាម  ការបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន និងការបន្តរុករកអដ្ឋិធាតុយុទ្ធមិត្តបាត់ខ្លួនក្នុងសម័យសង្រ្គាម។ ទាក់ទងទៅនឹងការបញ្ជូនសិក្ខាកាមយោធាកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និង នាយឧត្តមសេនីយ៍  ង្វៀន តាន់ គួងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលទទួលបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ