ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជួបប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat)  នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។

      ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរនាពេលកន្លងមក ជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា៖ ទំនាក់ទំនងរវាងកងទ័ពទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរកម្ពុជា- ឥណ្ឌូណេស៊ី ហើយឥណ្ឌូនេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាអោយបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។

      មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរសាទរចំពោះឯកឧត្តម Sjafrie Sjamsoeddin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។ ឯកឧត្តម បានបញ្ជាក់ថា៖ ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម  និងការចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលកន្លងមកឥណ្ឌូនេស៊ីបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់កម្លាំងកងទ័ពពិសេសកម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សង្កត់ធ្ងន់ថា៖ កងទ័ពពិសេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយ និងបង្រ្កាបបទល្មើសបទល្មើសផ្សេងៗ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំឥណ្ឌូនេស៊ីអោយបន្តជួយហ្វឹកហ្វឺនដល់កងទ័ពពិសេសកម្ពុជា ដើម្បីបង្កើនធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ អោយបានកាន់តែរឹងមាំ។

     តាមរយៈសំណូមពររបស់ ឯកឧត្តម ទៀ សីហា ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បញ្ជាក់ថា៖ ដោយមើលឃើញថាកងទ័ពពិសេសកម្ពុជា បានដើរតួនាទីសំខាន់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ឥណ្ឌូនេស៊ីនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ