ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារពិជ័យសេនា” (អគាររដ្ឋបាលនិងព័ត៌មាន) ស្ថិតនៅបរិវេន វិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូប ឈ្នះ ឈ្នះ បានចាត់ទុកសមិទ្ធផល “អគារពិជ័យសេនា”(អគាររដ្ឋបាលនិងព័ត៌មាន)នេះ គឺជាអាទិភាពមួយ សម្រាប់ប្រែក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់ការផ្តល់ព័ត៌មានបឋម មុននឹងឈានទៅការទស្សនា សិក្សាឈ្វេងយល់អំពីវិមានឈ្នះ ឈ្នះ ដែលមានទំនាក់ទំនងផ្សាភ្ជាប់គ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្រៅពីសារមន្ទីរតេជោសន្តិភាព ដែលជា ចំណុចពិសេសនៃហេដ្ឋារចនាសម្ព័ន្ធ នៃវិមានឈ្នះ ឈ្នះ។
សម្តេចបានគូសបញ្ជាក់ថា៖ “អគារពិជ័យសេនា”នេះ នឹងផ្តល់នូវព័ត៌មានពេញលេញប្រៀបដូចជាបេះដូង និងសសៃឈាម ឬម្យ៉ាងទៀតប្រៀបដូចនឹងខួរក្បាលដែលមានគ្រប់សរីរាង្គ មានជាផែនទី ខ្សែវីដេអូ កូនសៀភៅជាមូលដ្ឋានគ្រឹះ ការតាំងវត្ថុអនុស្សាវរីយ៍ រួមទាំងសម្ភារមួយចំនួន ដែលជាតួនាទីរបស់“អគារពិជ័យសេនា”នេះ។ សម្តេចមានប្រសាសន៍ទៀតថា៖ ភាពចាំបាច់រវាងអគារពិជ័យសេនា ជាមួយនឹងសារមន្ទីរតេជោសន្តិភាព គឺជាការឆ្លុះបញ្ចាំងឱ្យគ្នាទៅវិញទៅមក ត្រង់ថានៅទីតាំងនេះគឺជាការរៀបរាប់ ការតាំងបង្ហាញជាខ្លឹមសារ ឬព័ត៌មាន ដែលបានមកពីភាពជាក់ស្តែង និងជាសញ្ញាណដំបូងសម្រាប់ជូនដល់អ្នកទស្សនា រីឯក្នុងពេលដំណើរទស្សនាតាមលំហូរប្លង់ទស្សនាវិមានឈ្នះ ឈ្នះ នឹងបង្ហាញឱ្យឃើញបន្ថែមក្នុងទម្រង់សង្ខេប។ អគារនេះ ក៏ត្រូវបានចាត់ទុកថា ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ក្នុងចំណោមសមិទ្ធ ផលសំខាន់ៗដទៃផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរក្សាបាននូវសន្តិភាព និង ការឯកភាពជាតិពេញលេញ តាមរយៈការអនុវត្តដ៏ជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តារុញច្រានដ៏ចម្បង ដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនចាកចេញពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះបាន ជម្រាបជូនអំពីសមិទ្ធិផលអាគារនេះ គឺសម្រាប់ប្រើប្រាស់ជាអគារពហុបំណង ក្នុងការផ្តល់ ព័ត៌មាន សាលអាន បណ្ណាល័យ សាលពិព័រណ៍ សាលប្រជុំ បន្ទប់គ្រប់គ្រងទិន្នន័យ និងសេវាកម្មនានា។ “អគារពិជ័យសេនា” នេះមានទំហំ ២៨.៨ម៉ែត្រ X ២១.៦ម៉ែត្រ សម្រាប់ជាទីកន្លែងរួម បម្រើការងាររដ្ឋបាលសរុបរបស់នាយទាហាន ក្នុងអង្គភាពសេនាតេជោ ដែលមានតួនាទីភារកិច្ចប្រចាំការ មើលថែទាំ និងគ្រប់គ្រងវិមានឈ្នះ ឈ្នះ។ ជាទីតម្កល់ទុកនូវឯកសារមគ្គុទ្ទេសក៍វិមានឈ្នះ ឈ្នះ បណ្ដុំឯកសារប្រវត្តិសាស្ត្រ និងសំណៅឯកសារដើមផ្លូវការនានា សម្រាប់ជាមូលដ្ឋាន នៃការសិក្សាស្រាវជ្រាវ។ ជាកន្លែងផ្តល់ព័ត៌មាន សេវាកម្មទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបញ្ញវ័ន្ត សិស្ស-និស្សិត។ ជាទីទទួលបដិសណ្ឋារកិច្ចឥស្សរជនជាន់ខ្ពស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ចូលមកទស្សនាវិមានឈ្នះ ឈ្នះ និងជាមជ្ឈមណ្ឌលកណ្តាល នៃប្រវត្តិសាស្ត្រយោធា និងប្រវត្តិសាស្ត្រជាតិក្នុងដំណើរឆ្ពោះទៅការរកសន្តិភាព និងការឯកភាពជាតិពេញលេញ ៕


















































