នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ក្លាក (Ronald P.Clark) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសំដែងការគួសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។
នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសំដែងការស្វាគមន៍ និងអបអរសាទរចំពោះវត្តមាន នៃដំណើរទស្សនកិច្ច របស់នាយឧត្ដមសេនីយ៍ រ៉ូណាល់ ក្លាក (Ronald P.Clark) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងសហការីនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដែលបានពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានកាន់តែប្រសើរឡើង។ នាយឧត្ដមសេនីយ៍ ទៀ សីហា បានលើកឡើងថា៖ ក្នុងរយៈពេល១៥ខែកន្លងមក ដែលនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី មកកាន់ជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឃើញថា៖ ទំនាក់ទំនងរវាងវិស័យការពារជាតិកម្ពុជា និងសហរដ្ឋអាមេរិក មានការរីកចម្រើនកាន់តែល្អប្រសើរជាងមុន។ នៅក្នុងអន្តរកាលនេះ នាយឧត្ដមសេនីយ៍ ទៀ សីហា ធ្លាប់បានជួបជាមួយនឹងថ្នាក់ ដឹកនាំជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជា ឯកឧត្តម Lloyd Austin និងឯកឧត្តម Samuel Paparo ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះគឺជាកាយវិការដ៏មានសារៈសំខាន់ និងជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ របស់ភាគីសហរដ្ឋអាមេរិកចំពោះកម្ពុជា ហើយនិងបានពង្រឹង និងពង្រីកនៅយន្តការដែលមានស្រាប់ របស់ប្រទេសទាំង២ផងដែរ។
ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ រ៉ូណាល់ ក្លាក (Ronald P.Clark) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ នេះគឺជាលើកទី២ហើយ ដែលរូបលោកបានមកជួបជាមួយ នាយឧត្ដមសេនីយ៍ ទៀ សីហា។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖ សម្រាប់កងទ័ព ក៏ដូចជាសម្រាប់សហរដ្ឋអាមេរិក គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបន្តទំនាក់ទំនងជាមួយនឹងកម្ពុជា។ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ក្លាក (Ronald P.Clark) ក៏បានយល់ឃើញផងដែរថា បន្ទាប់ពីវត្តមាន នៃដំណើរទស្សនកិច្ច របស់ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជារួចហើយ ឃើញថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនៅកម្ពុជា គឺមានភាពល្អប្រសើរឡើង ហើយយើងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាបន្តទៅទៀត។ នាយឧត្ដមសេនីយ៍ បានបន្តថា៖ រូបលោកក៏មានមោទនភាពផងដែរ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងការពារជាតិសហរដ្ឋអាមេរិក មកកាន់កម្ពុជានាឆ្នាំ២០២៥នេះ ហើយមានមោទនភាពនៅក្នុងការប្រារព្ធរំលឹកខួប រវាងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក លើកទី៧៥ ហើយយើងនឹងបន្តរំលឹក៧៥ឆ្នាំ ទៅមុខជាបន្តទៅទៀត។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្ដមសេនីយ៍ រ៉ូណាល់ ក្លាក (Ronald P.Clark) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានពិភាក្សាគ្នាផងដែរ អំពីបញ្ហា និងភាពប្រឈមនានា នៅក្នុងតំបន់ ហើយនាយឧត្តមសេនីយ៍ មបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ផងដែរថា៖ សហរដ្ឋអាមេរិក នឹងបន្តទទួលយកនិស្សិត សិស្ស កងយោធពលខេមរភូមិន្ទទៅសិក្សានៅសហរដ្ឋអាមេរិក, ការបន្តរៀបចំធ្វើលំហាត់សមយុទ្ធ ឆ្មាំអង្គរ, ការគាំទ្រដល់វិស័យរំដោះគ្រាប់មីន, ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការចូលចតនាវាកងទ័ពជើងទឹក នៅកម្ពុជាថែមទៀតផង ៕





















