នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុវជនកម្ពុជា ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលសមាគមអតីតយុទ្ធជនកម្ពុជា សម្រេចបានក្នុង ឆ្នាំ២០២៤ នឹងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥។ ដែលពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពីសំណាក់ប្រធាន-អនុប្រធានសាខាសមាគមអតីតយុវជនកម្ពុជា មកពីបណ្ដាខេត្ត រាជធានីទាំង២៤ ចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឈា ស៊ីតារា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន បានបញ្ជាក់អំពីលទ្ធផលការងារក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៤ ថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ ជាពិសេស សម្តេច ឯកឧត្តម លោកជំទាវ ជាអនុប្រធាន បានឆ្លៀតឱកាសពីភារកិច្ចស្នូលមកចុះជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់ការឧបត្ថម្ភដល់អតីតយុទ្ធជនដោយផ្ទាល់ នៅតាមមូលដ្ឋានយ៉ាងសកម្មផុសផុល។ ដោយឡែក ឯកឧត្តម ប្រធានកិត្តិយស និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ក៏បានបែងចែកភារកិច្ចចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព ពិសេសការចូលរួមពិធីបុណ្យសព ការប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ការត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ និងពិធីប្រគល់ផ្ទះស្នាក់នៅជាដើម។
របាយការណ៍ក៏បានបញ្ជាក់ដែរថា៖ បច្ចុប្បន្នសមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិកសរុបចំនួន ៨៧.៥៩០នាក់ ក្នុងនោះមាន៖ គ្រួសារយុទ្ធជនពលីចំនួន១៦.៦០០នាក់, គ្រួសារជនមរណៈចំនួន២.៨៧៨ នាក់, យុទ្ធជនពិការចំនួន២៧.៤៦១នាក់, និវត្តជនចំនួន៣៩.២៥២នាក់, ជនបាត់បង់សមត្ថភាពការងារចំនួន១.៣៥៦នាក់, មន្ត្រីរាជការស៊ីវិលចំនួន៤៣នាក់។ នៅមានការងារជាច្រើនទៀត ដែលសមាគមបានបំពេញតួនាទីក្នុងការដោះស្រាយ និងការរៀបចំសម្រួលដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលស្ដែងឲ្យឃើញពីលទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤កន្លងមកនេះ។ ទន្ទឹមនិងលទ្ធផលដែលសម្រេចបាន សមាគមបានដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥ នៅចំណុចសំខាន់ៗជាច្រើន។
មានមតិបូកសរុប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្ដេចប្រធាន និងសម្ដេចអនុប្រធាន បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកជំទាវ ប្រធាន-អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា រាជធានី-ខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដី ដែលបានយកចិត្ត ទុកដាក់ជួយដោះស្រាយការលំបាកដល់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស ។ ឯកឧត្តម គន់ គីម បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងគណៈកម្មការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវពង្រឹងស្ថាប័ន មន្ទីរ អង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច គ្រប់ទីកន្លែង គ្រប់បណ្ដារាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការជួយដោះស្រាយជីវភាពបងប្អូនឲ្យកាន់តែមានភាពប្រសើរឡើង ៕


























