ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ ឯកឧត្ដម ​JIMMY​ PANETTA ​សមាជិកសភាអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧ នាទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូសភាអាមេរិកដឹកនាំដោយ ឯកឧត្ដម ជីមមី ផាន់នេតតា (Jimmy Panetta) សមាជិកសភាអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន មានប្រសាសន៍ថាក្នុងនាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍ និងបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ជីមមី ផាន់នេតតា (Jimmy Panetta)និងប្រតិភូនៅពេលនេះគឺមាន សារៈសំខាន់ណាស់ដើម្បី ពង្រឹង ពង្រីក ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើង។

     ជាការពិតណាស់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិង ព្រះរាជាណាចក្រកម្ពុជា បានកើតឡើងមានតាំងពីយូរលង់ណាស់មកហើយ។ ចំពោះទំនាក់ទំនងកងទ័ពយើងទាំងពីរក៏មានភាពល្អប្រសើរ ហើយកន្លងមកមាននាយទាហាន នៃកងយោធពលខេមរភូមិន្ទមួយចំនួន បានធ្លាប់ឆ្លងកាត់សាលាយោធានៅ សហរដ្ឋអាមេរិកជាពិសេស ដូចជា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាដើម។ ក្រៅពីនេះកងទ័ពយើងទាំងពីរក៏បានធ្លាប់បានធ្វើលំហាត់យោធារួមគ្នា ប៉ុន្តែរហូតដល់ឆ្នាំ២០១៧ ត្រូវបានផ្អាក ហើយក៏មានគម្រោងជាច្រើនទៀតវដែលកងទ័ពអាមេរិកអាចបានជួយដល់កងយោធពលខេមរភូមិន្ទផងដែរ។ ក្នុងពេលថ្មីថ្មីនេះក៏មានដំណើរទស្សនកិច្ចរបស់ នាយឧត្តមនាវី សាមអ៊ែល ជីប៉ាប៉ារ៉ូ (Samuel J. Paparo) មេបញ្ជាការ បញ្ជាការដ្ឋាន ឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងបានការចតនាវា  USS SAVANNAH(LCS 28) ផងទៀត។ ហើយកន្លងមក ឯកឧត្ដម ឡយ ​អូស្ទីន​ (Lloyd Austin) អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ហើយបានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងក្រសួងការពារជាតិ ដោយបានជំរុញទំនាក់ទំនងកងទ័ពយើងទាំងពីរឲ្យប្រសើរឡើងដោយចាប់ផ្តើមពីចំណុចមួយម្ដងៗ។

      អំពីមូលដ្ឋានសមុទ្ររាម ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ជូនថា៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមគឺមានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្ររបស់កម្ពុជា កម្ពុជាប្រឈមនឹងបញ្ហាមួយចំនួនរួមមាន ការនេសាទខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស ទំនើបកម្មមូលដ្ឋានសមុទ្ររាម មានគោលបំណងកែលម្អកន្លែងចូលសំចត សម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឲ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានស្នើសុំឲ្យភាគីអាមេរិកជួយដល់វគ្គហ្វឹកហ្វឺនកងកម្លាំងមួកខៀវកម្ពុជា មុននឹងចេញទៅបំពេញបេសកកម្ម និងសុំឲ្យភាគីអាមេរិកជួយបន្តផ្តល់អាហារូបករណ៍ដល់ នាយទាហាន ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ ឲ្យបានចូលរៀនតាមបណ្ដាសាលារបស់សហរដ្ឋអាមេរិកផងដែរ។ 

   ជាការឆ្លើយតប ប្រតិភូសភាអាមេរិកបានបញ្ជាក់ថា៖ នឹងនាំយកសំណើទាំងនេះទៅពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក ក្នុងការជួយបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា និងការផ្តល់អាហារូបករណ៍ដល់នាយទាហានរបស់កងយោធពលខេមរភូមិន្ទឲ្យបានចូលរៀនតាមបណ្ដាសាលាសហរដ្ឋអាមេរិក ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ