មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីពិសាអាហារសាមគ្គី របស់ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលពិធីពិសាបាយសាមគ្គីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារ Sun and Moon រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ។
ពិធីពិសាអាហារសាមគ្គី ប្រារព្ធធ្វើឡើងក្នុងន័យ ថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិ ព្រមទាំងសំដៅពង្រឹង និងពង្រីកកិច្ចសហការ ចំណងសាមគ្គីភាពជាធ្លុងមួយ ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាបន្តទៅមុខទៀត។ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល១៩ឆ្នាំ ក្រោមការដឹកនាំដ៏ជោគជ័យរបស់ សម្តេចតេជោ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការជាតិ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆ័ត្រ អ.ស.ប សរុបចំនួន៩.៨២៦នាក់ ក្នុងនោះមាននារីចំនួន៨៥៧នាក់ បានចេញបំពេញបេសកកម្ម ចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កម្លាំងរក្សាសន្តិភាពកម្ពុជាមានចំនួន៦២៧នាក់ ក្នុងនោះ នារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើននាឆ្នាំកន្លងមក ក្នុងកិច្ចការហ្វឹកហ្វឺន និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាពិសេសក្នុងការបញ្ជូនកងកម្លាំងជាស្ត្រី បានលើសពីការកំណត់របស់អង្គការសហប្រជាជាតិ ដែលបាននាំមកនូវកេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់កងយោធពលខេមរភូមិន្ទ ៕







































