នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) ប្រធានអង្គការអតីតយុទ្ធជនសង្គ្រាមថៃ និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) ប្រធានអង្គការអតីតយុវជនសង្គ្រាមថៃ នឹងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាការងាររវាងអង្គការអតីតយុវជនសង្គ្រាមថៃ ជាមួយនឹង នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថានេះគឺជាការ ពង្រឹង ពង្រីក បន្ថែមទៀតនូវការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង រវាងសមាគមអតីតយុទ្ធជនទាំងពីរ ជាពិសេសនៅលើវិស័យការពារជាតិ នៃប្រទេសទាំងពីរកម្ពុជានិងថៃ។
នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) ប្រធានអង្គការអង្គការអតីតយុវជនសង្គ្រាមថៃ បានជម្រាបថា៖ កន្លងមកនេះ ឯកឧត្ដម ធ្លាប់បានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធជាមួយគ្នា នឹងជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ហ្វីលីពីន វៀតណាម ហើយក៏បានជួបពិភាក្សាជាមួយនឹង នាយឧត្តមសេនីយ៍ គន់ គីម ផងដែរ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសថៃ។ គោលបំណងរបស់សមាគមអតីតយុទ្ធជនកម្ពុជា និងអង្គការអតីតយុទ្ធជនសង្គ្រាមថៃ មានគោលបំណងដូចគ្នាគឺ ការមើលថែរក្សាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលបានបាត់បង់ ប្ដី ប្រពន្ធឬកូនជាទីស្រឡាញ់របស់ពួកគាត់។
នាយឧត្តមសនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) បានបន្តថា៖ អង្គការអតីតយុវជនសង្គ្រាមថៃ មាន ៦ ចំណុចគឺ ការមើលថែរក្សាអតីតយុទ្ធជនដូចជា អតីតយុទ្ធជនមានអាយុ៩០ឆ្នាំ ថែរក្សាមើលគាត់ឲ្យបានល្អមានមន្ទីរពេទ្យសម្រាប់ព្យាបាល និងមានកន្លែងធ្វើជើងសិប្បនិម្មិត ដែលឆ្នាំនេះអង្គការអតីតយុទ្ធជនសង្គ្រាមថៃ បានគោរពអញ្ជើញអតីតយុទ្ធជនកម្ពុជា និងគ្រួសារអតីតយុទ្ធជន ដែលពិការជើងប្រមាណ ៥០នាក់ ទៅកាន់ប្រទេសថៃ ដើម្បីធ្វើជើងសិប្បនិម្មិតជូនដល់ពួកគាត់ ដែលកម្មវិធីនេះនឹងរៀបចំធ្វើឡើងនៅខេត្ត បូរីរាំ ប្រទេសថៃ នាខែមេសា ឆ្នាំ២០២៥ ខាងមុខ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ កន្លងមកនេះអតីតយុទ្ធជនកម្ពុជា ក៏ទទួលបានការយកចិត្តទុកដាក់ផងដែរពីសំណាក់ថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់ដីសម្បទាន សង្គមកិច្ច ផ្ទះសម្បែង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ទាំងនៅក្នុងវេទិកាអន្តរជាតិ និងទ្វេភាគី ដែលនេះបានបង្ហាញឲ្យឃើញថាជាមិត្តភក្តិដ៏ល្អ និងជាប្រទេសជាប់ភូមិផងរបងជាមួយនឹងគ្នា ៕



















