ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្ដីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងកិច្ចប្រជុំនោះក៏បានអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ដែលនៅក្នុងសេចក្ដីសម្រេចនោះមានសមាសភាព ២៤រូប ក្នុងនោះមានការប្រកាសតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្មការចម្រុះលើកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន និងមានអនុប្រធានចំនួន ៧រូប និងមានសមាជិក ១៦រូប។
យោងតាមរបាការណ៍សង្ខេបស្ដីពី កិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា-ចិន របស់អនុគណៈកម្មការកិច្ចសហប្រតិបត្តិការយោធា នៃគណៈកម្មការចម្រុះ ដែលរាយការណ៍ដោយ នាយឧត្ដមសេនីយ៍ ណឹម សុវតិ្ត អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានឲ្យដឹងថា៖ នៅក្នុងកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា-ចិន មាននៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលនៅក្នុងឆ្នាំ២០២៣-២០២៤ មានចំនួន ៣០២រូប នៅឆ្នាំ២០២៤-២០២៥ មានចំនួន ៣៤៥រូប ដែលបានចេញដំណើរទៅសិក្សានៅប្រទេសចិនរួចមកហើយ មានចំនួន ១៤៨រូប ហើយនៅឆ្នាំ២០២៤ សិក្ខាកាមចិនមកសិក្សានៅកម្ពុជាចំនួន ២រូប វគ្តភាសាខ្មែរ ដោយឡែកការផ្លាស់ប្តូរទស្សនកិច្ចនៅក្នុងឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា អញ្ជើញទៅចិនមាន ២២ប្រតិភូ ស្មើនឹង ១៧៥រូប គណៈប្រតិភូចិនអញ្ជើញមកកម្ពុជា មាន១៣ប្រតិភូ នាវាចិនចូលចតនៅកម្ពុជាមានចំនួន ៥គ្រឿង ហើយនៅដើមឆ្នាំ២០២៥ នេះគណៈប្រតិភូ ចិនអញ្ជើញមកកម្ពុជាមាន ១ប្រតិភូ ១៤រូប។ ជាមួយគ្នានេះឆ្នាំ២០២៤ កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានរួមគ្នាធ្វើការរៀបចំនូវលំហាត់សមយុទ្ធនាគមាស ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា៖ កិច្ចប្រជុំនេះមានបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងស្វែងរកធាតុចូល ដើម្បីដាក់បញ្ចូលនៅក្នុងកិច្ចសហប្រតិបត្តិការយោធា នៃគណៈកម្មការចម្រុះ រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន សម្រាប់ឆ្នាំ២០២៥។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលកន្លងមកបានខិតខំប្រឹងប្រែងពុះពារជម្នះគ្រប់ការលំបាក ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការរៀបចំគម្រោងផែនការរយៈពេលមធ្យម និងរយៈពេលវែង សម្រាប់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលនឹងត្រូវជួបប្រជុំសម្រេចជាមួយភាគីមិត្តចិននាពេលខាងមុខ ៕




























