ពិធីសំណេះសំណាល និងជូនដំណើរកងកម្លាំង កងរាជអាវុធហត្ថ កងអនុសេនាធំវិស្វកម្មពហុជំនាញ និងកងកម្ទេចគ្រឿងផ្ទុះ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ បានប្រារព្ធពិធីសំណេះសំណាល និងជូនដំណើរកងកម្លាំងកងរាជអាវុធហត្ថលេខ ៨៧២ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៨៦៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ ៩៤ទី៣ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល និងលីបង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ​នាយឧត្ដម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម Joseph schuer អ្នកសម្របសម្រួលតំណាង អង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

    យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព និងជាអនុប្រធានទីមួយគណៈកម្មាធិការជាតិ បានឲ្យដឹងថាបេសកកម្មដែលកងកម្លាំងទាំង៣ត្រៀមនឹងធ្វើការប្តូរវេននេះរួមមាន បេសកកម្ម UNMISS សាធារណរដ្ឋ ស៊ូដង់ខាងត្បូង ប្រទេសកម្ពុជាបានបញ្ជូនកម្លាំងរបស់ខ្លួនចូលរួមក្នុងបេសកកម្មចាប់ពីឆ្នាំ២០១២ ដោយពង្រាយកម្លាំង និងបោះទីតាំងឈរជើង៧គោលដៅ ក្នុង៦តំបន់ ដែលជាកម្លាំងមួយផ្ដល់ការការពារដល់ជនស៊ីវិល ធ្វើការល្បាតថ្មើរជើង និងតាមរថយន្តធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា រវាងកម្លាំងមួកខៀវជាមួយប្រជាពលរដ្ឋ និងអនុវត្តភារកិច្ចតាមបទបញ្ជារបស់បេសកកម្ម ពិសេសការការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពី អ.ស.ប ដែលចុះទស្សនកិច្ច កងកម្លាំងរក្សាសន្តិភាពក្នុងតំបន់បេសកកម្ម UNMISS។ បច្ចុប្បន្ននេះកម្លាំងអាវុធហត្ថយើងត្រូវបានបេសកកម្ម UNMISS ស្នើឲ្យទទួលភារកិច្ចបន្ថែមទៅកាន់៨គោលដៅ ក្នុង៧តំបន់ ហើយកម្លាំងអាវុធហត្ថដែលត្រៀមនឹងចេញដំណើរនាពេលខាងមុខនេះជាកងទី២ ដែលដឹកនាំដោយមេបញ្ជាការជានារី មានសរុបចំនួន៧០នាក់ នាយទាហានគាំទ្រថ្នាក់ជាតិចំនួន៣នាក់ ក្នុងនោះសមាជិកជានារីចំនួន ៣៥នាក់ ស្មើនឹង៥០%។ ចំពោះបេសកកម្មនៅសាធារណរដ្ឋលីបង់ UNIFIL មានរយៈពេល១៥ឆ្នាំ គិតចាប់ពីការបញ្ជូនកម្លាំងកម្ពុជាចូលរួមក្នុងបេសកកម្មនេះនៅឆ្នាំ២០១០ កម្លាំងនេះបន្តឈរជើងក្នុងតំបន់ MAJAYON ផ្ដោតលើការងារវិស្វកម្ម សំណង់ផ្ដេក បញ្ឈរ និងការងារបោសសម្អាតមីន។ ដោយសារស្ថានការណ៍បច្ចុប្បន្នមានភាពបម្រែបម្រួលជាពិសេស ការកើតឡើងនៃការប្រើប្រាស់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងគ្រឿងផ្ទុះកែច្នៃផងនោះ  កម្លាំងកម្ពុជាត្រូវបាន អ.ស.ប. ស្នើបញ្ជ្រាបជំនាញប្រឆាំង បន្សាប គ្រឿងផ្ទុះកែច្នៃក្នុងកងដែលត្រៀមនឹងប្ដូរវានេះផងដែរ។ 

    ឯកឧត្ដម Joseph schuer បានមានប្រសាសន៍ថា៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ាន ដែលឈានមុខគេក្នុងការជំរុញនូវគំនិតផ្ដួចផ្ដើមស្ត្រីនៅក្នុងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ាន។ កម្ពុជាក៏បានប្ដេជ្ញាបង្កើនការបញ្ជូនកងកម្លាំងនារីដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ឲ្យបានលើសពី ២០% នៃចំនួនកងកម្លាំងសរុបនៅឆ្នាំ២០២៨។

    នាយឧត្ដមសេនីយ៍ ទៀ សីហា បានថ្លែងថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវធបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដើម្បីបន្តថែរក្សាការពារសន្តិភាព និងស្ថិរភាព ជូនប្រជាជាតិយើងទាំងមូល។  រាជរដ្ឋាភិបាល ក៏បានប្ដេជ្ញាយ៉ាងមុតមាំក្នុងគោលដៅនិរន្តរភាព នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្តវិភាគទានរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងបុព្វហេតុសន្តិភាពនៅលើពិភពលោក និងបានត្រៀមកម្លាំង ក្នុងប្រព័ន្ធត្រៀមជាស្រេច ដើម្បីផ្តល់ការគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែងតាម សំណូមពររបស់ អង្គការសហប្រជាជាតិ និងបានប្ដេជ្ញាជំរុញបង្កើនការប្រើប្រាស់កម្លាំងជានារី សម្រាប់ធានានិរន្តរភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែង។ កម្ពុជាពិតជាមានមោទនភាពដែលឆ្នាំនេះជាលើកទីមួយ ដែលកម្ពុជាសម្រេចបាននូវ ការចូលរួមពីសំណាក់យោធិននារីរហូតដល់៥១% ក្នុងកងរាជអាវុធហត្ថ ទៅកាន់ប្រទេស ស៊ូដង់ខាងត្បូង។ ទទឹមនេះក៏បានផ្ដោតសំខាន់ទៅលើសកម្មភាពនៅក្នុងវិស័យមួយចំនួនដែល កម្ពុជាមានលទ្ធភាពចូលរួមនឹងខិតខំធ្វើការកែលម្អ ការគ្រប់គ្រងហ្វឹកហ្វឺន ពង្រឹងធនធានមនុស្ស មធ្យោបាយ និងធនធានចាំបាច់មួយចំនួន ពិសេសបន្តហ្វឹកហ្វឺនបង្កើនចំនួនចូលរួមជាស្ត្រី ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្រសមភាពយេនឌ័រឆ្នាំ២០១៨ ដល់ឆ្នាំ២០២៨ របស់អង្គការសហប្រជាជាតិ។

    សូមរំឭកថា៖ ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ សរុបចំនួន៩.៨២៦នាក់ ក្នុងនោះមាននារីចំនួន ៨៥៧នាក់ បានចេញបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យាមេន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លើជំនាញបោសសម្អាតមីន វិស្វកម្មពហុជំនាញអាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងរក្សាសន្ដិភាពកម្ពុជាមានចំនួន ៦២៧នាក់ ក្នុងនោះនារី ១៣០នាក់ កំពុងបំពេញភារៈកិច្ចបេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ផ្អែកតាមការវាយតម្លៃពីអង្គការសហប្រជាជាតិ កម្ពុជាឈរលំដាប់លេខរៀងទី២៨ ក្នុងចំណោម ១២០ប្រទេស បរិច្ចាគកម្លាំង និងលេខ៣ ក្នុងសមាគមអាស៊ាន រីឯនារីឈរលំដាប់ថ្នាក់លេខរៀងទី១៣ ស្ទួនជាមួយនិង ប៉ាគីស្ថាន ក្នុងចំណោម១២០ ប្រទេសបរិច្ចាគកម្លាំង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ