ប្រកាសកញ្ចប់ឥណទានថវិកាជំនាញឆ្នាំ២០២៥ និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីវិក្រឹត្យការ នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

    នៅទីស្ដីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានរៀបចំកម្មវិធីប្រកាសកញ្ចប់ឥណទានថវិកាជំនាញឆ្នាំ២០២៥ និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីវិក្រឹត្យការ នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។

    ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍អំពីការអនុវត្តថវិកាឆ្នាំ២០២៤ និងវិធានការគ្រប់គ្រងសម្រាប់ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា៖ ក្នុងតួនាទីភារកិច្ចស្នូល នាយកដ្ឋានហិរញ្ញវត្ថុ បានខិតខំយកចិត្តទុកដាក់ចម្បង ទៅលើការបម្រើសេវាកម្មបែងចែកបើកផ្តល់ថវិកាជូនបណ្ដាអង្គភាពជំនាញប្រើប្រាស់ប្រចាំឆ្នាំ រួមមាន៖ ប្រាក់បៀវត្សរ៍ ប្រាក់ជំនាញ ចំណាយផ្សេងៗ អត្ថប្រយោជន៍សង្គម ប្រាក់បូជាសព ឧបត្ថម្ភបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ទូទាត់ទំនិញគ្រប់ប្រភេទ ថវិកាធានាការងារសមយុទ្ធជាមួយភាគីមិត្ត ថវិកាពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»  ជំនាញកិច្ចការការបរទេស កិច្ចការអាស៊ាន ថវិកាបំ​ប៉នហ្វឹកហ្វឺនទ័ពជំនាញ បំប៉នបណ្តុះបណ្តាលតាមកងឯកភាព និងបណ្ដាសាលាទូទាំងកងយោធពលខេមរភូមិន្ទ។ ក្នុងឆ្នាំ២០២៤កន្លងទៅនេះដែរ អង្គភាពជំនាញ និងអង្គភាពថវិកាមួយចំនួនធំ ក្រោយពីបានយល់ដឹងច្បាស់ក្នុងការអនុវត្តសកម្មភាពចំណាយរបស់ខ្លួន ឃើញថាការលើកសំណើសុំបានកំណត់ច្បាស់លាស់ ពីការប្រើប្រាស់កញ្ចប់ថវិកាជំនាញ ដែលបានប្រកាសជូនទៅតាមមាតិកាថវិកា។

    មានមតិសំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានណែនាំដល់មន្ត្រីជំនាញភស្តុភារ ហិរញ្ញវត្ថុទាំងអស់ តាមគ្រប់បណ្ដាកងអង្គភាព ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយរាល់សេចក្ដីប្រកាស សារាចរ អនុក្រឹត្យ ដែលខ្លួនទទួលបានឲ្យបានជ្រួតជ្រាបដល់អង្គភាពរបស់ខ្លួន ឲ្យបានទូលំទូលាយ។ មន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការកំណត់សូចនាករសម្មតិកម្មចាំបាច់ ត្រូវមានគោលបំណងច្បាស់លាស់ និងសូចនាករដែលអាចវាស់វែងបាន នឹងសម្រេចបានក្នុងរង្វង់ថវិការ ដែលប្រកាសជូន។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ឲ្យយើងដឹងថា៖ គួរគ្រោងថវិកាចំពោះសកម្មភាពដែលចាំបាច់ និងប្រកបដោយភាពសន្សំសំចៃខ្ពស់ ចំពោះសកម្មភាពដែលមិនសូវចាំបាច់ លែងចាំបាច់ និងមិនចាំបាច់ ត្រូវពិនិត្យ និងកែតម្រូវឡើងវិញ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ រាល់គម្រោងស្នើថវិកានីមួយៗ ចាំបាច់ត្រូវឆ្លងជំនាញហិរញ្ញវត្ថុរបស់អង្គភាពជាការចាំបាច់។ ឯកឧត្តមបានស្នើសុំដល់បណ្ដាអង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្ស និងចែករំលែកចំណេះដឹងដល់អ្នកបន្តវេន ដើម្បីធានាដល់និរន្តរភាពការងារ និងឆ្លើយតបតាមតម្រូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ