នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួប លោកវរៈសេនីយ៍ទោ Kyle Saltzman អនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិ ជួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកវរសេនីយ៍ទោ Kyle Saltzman ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា។ ឯកឧត្តម សង្ឃឹមថា៖ វត្តមានរបស់អនុព័ន្ធយោធាថ្មី របស់រដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងជួយជំរុញឲ្យកិច្ចសហប្រតិបត្តិការយោធាកម្ពុជា និងសហរដ្ឋអាមេរិក ដែលធ្លាប់មានកន្លងមក បានដំណើរការល្អឡើងវិញ ស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលកន្លងមកនេះ។
លោកវរសេនីយ៍ទោ Kyle Saltzman អនុព័ន្ធយោធាអាមេរិកថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួលស្វាគមន៍ចំពោះរូបលោកផ្ទាល់ និងក្រុមការងារ ហើយលោកសង្ឃឹមថា តួនាទីរបស់លោក នឹងទទួលបាននូវ កិច្ចសហប្រតិបត្តិការល្អជាមួយនិងកងយោធពលខេមរភូមិន្ទ ហើយគម្រោងកិច្ចសហប្រតិបត្តិការនានារបស់សហរដ្ឋអាមេរិកដែលធ្លាប់មានចំពោះកម្ពុជា និងបើកដំណើរការល្អប្រសើរឡើងវិញ ៕

















