​កិច្ច​ប្រជុំតាមដាន​ត្រួតពិនិត្យ និងរៀបចំ​​ផែនការ​ប្រចាំឆ្នាំ​ និងទិសដៅបន្ត​វឌ្ឍនភាព​ការងារ​យេនឌ័រ​ទូទាំង​កងយោធពលខេមរភូមិន្ទ​​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួងការពារជាតិ នៅទីស្ដីការក្រសួងការពារជាតិ ដោយមានការចូររួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក ក្រុមការងារយេនឌ័រជាច្រើនរូបទៀត។

     ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវនាពេលកន្លងមក។ លោកជំទាវបានបន្ថែមទៀតថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគិត្តិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ជាកម្មវិធីគោលនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងនោះរាជរដ្ឋាភិបាលក៏បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ និងសមធម៌ក្នុងនោះស្ត្រីគឺជាស្នូល។

     លោកជំទាវ រដ្ឋលេខាធិការ ក៏បានលើកឡើងបន្ថែមទៀតថា៖ ក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានិច្ចជាកាលតែងតែទទួលបានការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការគាំទ្រដល់ការចូលរួមក្នុងការអនុវត្តការងាររបស់យោធិននារី ក្នុងគ្រប់កិច្ចការ។ លោកជំទាវបានបន្តទៀតថា៖ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ដំណាក់កាលទីពីរ ឆ្នាំ២០២៤ – ២០២៨ បានបង្ហាញពីទស្សនវិស័យរយៈពេល៥ឆ្នាំខាងមុខ ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញការទទួលបាននូវតួនាទី ភារកិច្ច និងរបៀបនៃការអនុវត្តការងារ ដើម្បីឲ្យយោធិននារីអាចចូលរួមបានដូចជាបុរស ក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ក្នុងនោះគឺយើងមានយោធិននារីមានចំណេះជំនាញ ជំនាញបើករថក្រោះ និងជំនាញកាំភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្គ្រោះ និងជំនាញផ្សេងៗជាច្រើនទៀតផងដែរនៅក្នុងកងទ័ព។

     ក្នុងឱកាសនោះ លោកជំទាវ នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ ឯកឧត្ដម លោកជំទាវ និងបណ្ដាក្រុមការងារយេនឌ័រ នៅទូទាំងកងយោធពលខេមរភូមិន្ទ ឲ្យមានវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ចួនឲ្យបាន ម៉ឺងម៉ាត់ មោះមុតមានឆន្ទៈក្នុងការងារ នៅអង្គភាពនីមួយៗដោយយោធិននារី៣ប្រភេទទ័ព ដូចជាកងទ័ព នាយទាហានចម្រុះ កងទ័ពជើងទឹក និងកងទ័ពជើងអាកាស កងទ័ពមួកខៀវ មានយោធាចារ្យជាស្ត្រី និងមេបញ្ជាការរងកាន់នៅភូមិភាគ នៅកងពលតូច ក្នុងជួរកងយោធពលខេមរភូមិន្ទ មានភាពរឹងមាំដូចជាយោធិនបុរសដែរ។ លោកជំទាវ នាយឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តជូនដល់យោធិននារីនៅក្នុងជួរកងទ័ព ហើយបានលើកឡើងថាថ្ងៃទី៨ មីនា និងបានគ្រោងទុកមានទស្សនកិច្ចដំណើរកម្សាន្ត ដើម្បីលើកកម្ពស់ស្ត្រីយោធិន មានសមត្ថភាពដឹកនាំ ដោយទំនួលខុសត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមបទវិន័យលក្ខន្តិកៈទូទៅក្នុងកងយោធពលខេមរភូមិន្ទ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ