នាយឧត្ដមសេនីយ៍ ទៀ សីហា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។

     នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងអ៉ីរ៉ង់ មានតាំងពីឆ្នាំ១៩៩២មក ហើយការជួបគ្នានាពេលនេះ គឺជាលើកដំបូង ដែលសង្ឃឹមថាការជួបគ្នានៅពេលនេះនឹងបើកទំព័រថ្មីនាពេលខាងមុខ ហើយជួយពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រជាជន និងកងទ័ពទាំងពីរផងដែរ ឲ្យកាន់តែល្អប្រសើរ។

     ជាកិច្ចឆ្លើយតប ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ បានមានប្រសាសន៍ថា៖ អ៉ីរ៉ង់ និងកម្ពុជា ជាមិត្តជិត៣៥ឆ្នាំមកហើយ ហើយប្រទេសទាំងពីរធ្លាប់បានជួយគាំទ្រគ្នាទៅវិញទៅមក ជាទ្វេភាគី និងពហុភាគី ដោយមានការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ធ្វើឲ្យមានឱកាសធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យផ្សេងៗទៀតផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ បានបន្តថា៖ អ៉ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើផ្នែក ឧស្សាហកម្មយោធា ជាមួយនឹងកងទ័ព និងក្រសួងការពារជាតិកម្ពុជា។ ឯកឧត្តម បានលើកឡើងថា៖ យើងបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា មិនថាកងទ័ពជើងគោក ជើងអាកាស ហើយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រយោធា គឺបានសម្រេចគោលដៅល្អៗជាច្រើន និងបានត្រៀមជាស្រេចក្នុងការចែករំលែកនូវបទពិសោធ ចំណេះដឹង និងសមិទ្ធិផលដល់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ក៏បានស្នើសុំគោរពអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ  សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋអ៉ីរ៉ង់ផងដែរ។

     ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយក៏បានបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ