ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យវរសេនីយ៍ឯកពិសេស (SHENG DAZHI) នាយការិយាលយ័អនុព័ន្ធយោធា អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវរសេនីយ៍ឯកពិសេស (SHENG DAZHI) ដែលថ្នាក់ដឹកនាំក្រសួងការពារជាតិចិន បានចាត់តាំងជានាយការិយាល័យអនុព័ន្ធយោធាចិន ប្រចាំកម្ពុជាថ្មី នាពេលនេះ។ នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនចាស់-ថ្មី ក៏ដូចជានាយការិយាល័យអនុព័ន្ធយោធា អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាចាស់-ថ្មី គឺសុទ្ធសឹងជាតួអង្គដ៏មានសារៈសំខាន់ ក្នុងការទំនាក់ទំនងដោះស្រាយបញ្ហា និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជន និងកងទ័ពទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក និងទៅអនាគត។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពទាំងពីរកម្ពុជា និងចិន ដែលបានឈានពីគ្រប់ជ្រុងជ្រោយ មកដល់មិត្តភាពដែកថែប និងបានបន្តពូនជ្រុំឈានមកដល់មិត្តភាព និងកិច្ចសហប្រតិបត្តិការ«ត្បូងពេជ្រ» ហើយកម្ពុជាតែងគាំទ្រ និងការផ្ដួចផ្ដើមគំនិតរបស់ប្រទេសចិន ពិសេសយើងរួមគ្នាកសាងប្រកបដោយគុណភាព និងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន។ នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានថ្លែងនូវក្ដីសង្ឃឹម និងជឿជាក់ថា៖ លោកវរសេនីយ៍ឯកពិសេស នាយការិយាល័យអនុព័ន្ធយោធាចិនថ្មី នឹងបន្តរួមចំណែកគាំទ្រ និងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស (SHENG DAZHI) បានមានប្រសាសន៍ថា៖ លោកបានមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី១០ ខែមករា ហើយពេលមកដល់ភ្លាម លោកបានទទួលសារលិខិតចូលរួមមរណៈទុក្ខចំពោះគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសចិនពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា ផ្ញើជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការពារជាតិចិន ហើយភាគីចិនសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
លោកវរសេនីយ៍ឯកពិសេស ក៏បានបញ្ជាក់ថា៖ ចិន និងកម្ពុជា ជាមិត្តដ៏ល្អនឹងគ្នា ស័ក្តិសមនឹងការប្រសិទ្ធនាមមិត្តភាពដែកថែប ដែលប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ ក្នុងការទំនាក់ទំនងរឹតចំណងមិត្ត និងកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ពិសេសរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន ទាំងការគោរពគ្នា និងជួយគ្នាទៅវិញទៅមក។ មគ្គុទ្ទេសក៍ចិន ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានផ្ដួចផ្ដើមនូវគំនិតខ្សែក្រវាត់ និងផ្លូវសហគមន៍ជោគវាសនារួម នឹងគំនិតទាំងបី ទាំងនេះជាផលិតផលសន្តិសុខ សាធារណៈ សម្រាប់មនុស្សជាតិ។ លោកវរសេនីយ៍ឯកពិសេស (SHENG DAZHI) បានបញ្ជាក់ថា៖ ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជា ជាបន្តទៅទៀត ហើយលោកនឹងខិតខំបំពេញតួនាទីជាស្ពានចំណងមិត្តភាព រវាងប្រទេសទាំងពីរចិន-កម្ពុជា និងកងទ័ពទាំងពីរ អោយកាន់តែប្រសើរឡើង ៕















