ពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្តិភាព ខេត្តសៀមរាប

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     សួនតេជោសន្តិភាពត្រូវបានធ្វើ និងប្រារព្ធនៅពិធីក្រុងពាលីបើកការសាងសង់នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តសៀមរាប។ សួនតេជោសន្តិភាព នេះគ្រោងសាងសង់ឡើងក្នុងសណ្ឋានទម្រង់រាងគូទខ្យងលើផ្ទៃក្រឡា២៩គុណនឹង២៣ម៉ែត្រ មានកម្ពស់៩ម៉ែត្រ​៩ទឹក១ហ៊ុន១លី សួនតេជោសន្តិភាពបែងចែកជា៣ផ្នែកសំខាន់ៗរួមមាន៖ ផ្នែកទី១ បរិវេណខាងក្រៅជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទ្មវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាលដែលជាពូលនៃសួន រៀបចំសាងសង់ឡើងជារូបដែលបែងចែកជា៣ថ្នាក់, ថ្នាក់ទី១៖ មាន៣ជ្រុងតំណាងឲ្យការធានា៣យ៉ាង, ថ្នាក់ទី២៖ មាន៥ជ្រុងតំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣៖ មាន៧ជ្រុងតំណាងឲ្យកត្តាទាំង៧ ដែលនាំមកនូវជ័យជម្នះ។

      ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា៖ ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាព ខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិពេញលេញ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួនតេជោសន្តិភាព និងជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទេសចរកម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្ត្រ និងគុណតម្លៃ នៃការបញ្ចប់សង្គ្រាម នឹងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងខេត្តសៀមរាប។

      សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការគូសបញ្ជាក់កិច្ចដំណើរការសាងសង់សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ តាំងបង្ហាញជាទីតាំងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង នៃប្រវត្តិការ នៃការអភិវឌ្ឍ និងអនុវត្តនយោបាយឈ្នះ ឈ្នះ​ របស់ សម្ដេចតេជោ ហ៊ុន សែន។ សម្តេចក៏បានលើកឡើងថា៖ ដោយសារភាពចាំបាច់ និងតម្រូវការប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះ ឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះ ឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីជាភស្តុតាងតឹកតាង និងពង្រីកការផ្សព្វផ្សាយ បញ្ជ្រាបទុកដាក់ និងការផ្តល់ជាការរៀនសូត្រអំពីនយោបាយឈ្នះ ឈ្នះ អំពីប្រវត្តិសាស្ត្រ នៃដំណើរការវិវឌ្ឍន៍ទៅតាមទីនានា។

      សម្ដេចពិជ័យសេនា ក៏បានស្នើឲ្យឯកឧត្តមអភិបាលខេត្តសៀមរាប ក្នុងការរៀបចំសាងសង់សួនតេជោសន្តិភាព គឺត្រូវមានការចូលរួមពីគ្រប់តួអង្គទាំងអស់ អតីតប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលកំពុងក្លាយជាប្រតិបត្តិករ នៃសន្តិភាព រួមចំណែកការផ្តល់នូវតឹកតាង អំណះអំណាងជាក់លាក់ពិតប្រាកដ រួមទាំងបទពិសោធ ដើម្បីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ចរិតតាក់តាង តាក់តែងចងក្រងទុកសម្រាប់ជាមរតកសម្រាប់មនុស្សជាតិទាំងក្នុង និងក្រៅប្រទេស និងបានកសាងនូវទស្សនវិស័យវិមានឈ្នះ ឈ្នះ ក្រោមបាវចនា នៃកតញ្ញូ និងសុខដុម៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ