ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារ ព្រមទាំងបុត្រ បានបរិច្ចាគអំណោយមនុស្សធម៌ មានសម្ភារៈបរិក្ខារពេទ្យ ចំនួន ១៧មុខ គិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ជាង៧ម៉ឺនដុល្លាសហរដ្ឋអាមេរិក បានប្រគល់ជូនដល់មន្ទីពេទ្យ ព្រះកេតុលាមា(១៧៩) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដើម្បីទុកប្រើប្រាស់ ក្នុងការពិនិត្យព្យាបាលដល់ជម្ងឺ និងរបួសជួយដល់កងទ័ព និងប្រជាពលរដ្ឋកម្ពុជា ដែលការផ្ទេរនិងប្រគល់សម្ភារៈបរិក្ខាពេទ្យនេះ បានធ្វើឡើងនៅភូមិគ្រិះ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ស្ថិតនៅខណ្ឌ ទួលគោក។
សូមបញ្ជាក់ថា៖ សម្ភារៈបិរក្ខាពេទ្យទាំង១៧មុខនេះ ត្រូវបានព្យាបាល លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន មុនលោកជំទាវបានទទួលមរណភាព កាលពីពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា ក្នុងនាមក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព និងប្រជាជនកម្ពុជា ហើយពេលនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារព្រមទាំងបុត្រ បានបរិច្ចាគនូវសម្ភារៈ បរិក្ខារពេទ្យទាំងនេះជូនទៅដល់មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីទុកជាប្រយោជន៍សម្រាប់ពិនិត្យ ព្យាបាលជំងឺ និងថែទាំសុខភាព ដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ ក៏បានថ្លែងនូវសេចក្ដីសោកស្ដាយ និងអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយាដ៏ឧត្ដុង្គឧត្ដមរបស់ ឯកឧត្ដម ម៉ឹង សំផន ដែលកាលពីលោកជំទាវនៅមានព្រះជន្ម លោកជំទាវតែងតែផ្ដល់អំណោយមនុស្សធម៌ជាច្រើន និងជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងស្រុកចន្រ្ទា ខេត្ដស្វាយរៀង ដោយនៅក្នុងនោះបានជួយកសាងនៅមណ្ឌលសុខភាព និងផ្ដល់ឱសថ សម្ភារៈបរិក្ខាពេទ្យ សម្រាប់ព្យាបាលជំងឺថែទាំសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏សូមបួងសួងសុំអោយដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទៅសោយសុខនៅក្នុងទីឋានសុគតិភព ៕






























