ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គមេបញ្ជាការរង និងនាយទាហាន តំណាងស្ថាប័នអង្គភាព ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ខ.ភ.ម ជាច្រើនរូបទៀតផងដែរ។
ថ្លែងបើកកិច្ចប្រជុំនាឪកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ពិសេសចំពោះនាយទាហាន និងពលទាហាន នៃ ខ.ភ.ម ទាំងអស់ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញការងាររបស់ខ្លួន នៅក្នុងរយៈពេលមួយឆ្នាំ, ឆ្នាំ២០២៤កន្លងមកនេះ ហើយនឹងបន្តបំពេញតួនាទីភារកិច្ច ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៅក្នុងឆ្នាំ២០២៥ ឲ្យទទួលបានដោយជោគជ័យជាបន្តបន្ទាប់ទៀតនោះ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងការពារជាតិ បានឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីបុណ្យនានា និងព្រឹត្តិការណ៍ជាតិ អន្តរជាតិ ជាបន្តបន្ទាប់។ ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះសភាពការណ៍យោធានៅតាមតំបន់ព្រំដែន មានភាពស្ងប់ស្ងាត់ធម្មតា កងយោធពលខេមរភូមិន្ទ បានធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនសរុប១៩.៥៧៦លើក (ព្រំដែនកម្ពុជា-ថៃ៧.០៧៨លើក, កម្ពុជា-វៀតណាម៧.៦១៥លើក, កម្ពុជា-ឡាវ៤.៨៨៨លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។
សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសវិញ មានលក្ខណៈល្អប្រសើរ។ កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ធ្វើការបន្ត ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាពិបតេយ្យផ្សេងៗ ពិសេសសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញ្ញធនអាគារម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ និងសកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន៤.០៦៣លើក ខ.ភ.ម ម្ចាស់ការបង្ក្រាប បានចំនួន២.៤៥៩លើក។ ការងារហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នជំនាញផ្សេងៗ បានបន្តធ្វើការហ្វឹកហ្វឺន និងអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ សរុប៤៣៩វគ្គ ស្មើនឹង៣៧.១៧០នាក់ សិក្ខាកាមបញ្ជូនទៅសិក្សារក្រៅប្រទេសសរុប២.៣៩២នាក់ ស្មើនឹង១៥ប្រទេស ក្នុងនោះបញ្ចប់ការសិក្សាត្រឡប់មកវិញចំនួន៤៧៩នាក់។ ទន្ទឹមនេះបានយកចិត្តទុកដាកចំរុញការងារហ្វឹកហ្វឺន នៅហ្នឹងកន្លែងតាមបណ្តាអង្គភាព ព្រមទាំងជំរុញការងារៀនសូត្រ អប់រំចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗ ដើម្បីរលើកកម្ពស់សមត្ថភាពយល់ដឹងស្របតាមនិន្នាការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ ក្នុងដំណាក់ការបច្ចុប្បន្ន និងទៅអនាគត។ ការធ្វើលំហាត់ហ្វឹកហ្វឺន នាគមាសឆ្នាំ២០២៤ រវាងកងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការសង្គ្រោះមនុស្សធម៌” លំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ និងលំហាត់ហ្វឹកហ្វឺនសង្គ្រោះមហន្តរាយរួម រវាងកងទ័ព៣ប្រទេស (កម្ពុជា-ឡាវ-វៀតណាម) លើមូលបទ “សង្គ្រោះគ្រោះមហន្តរាយ នៃការបាក់រលំអគារ ការងារមនុស្សធម៌លើផ្នែកសុខាភិបាល” បានដំណើរការ និងបញ្ចប់ដោយរជាគជ័យតាមការគ្រោងទុក ទទួលបាននូវលទ្ធផលផ្លែផ្កា និងបទពិសោធន៍ថ្មីៗ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហការល្អ។
សម្រាប់ឆ្នាំ២០២៥ អនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចដាក់ស្តែងចំពោះមុខ ក្រសួងការពារជាតិដាក់ចេញនូវ ទិសដៅ៖
– បន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍប្រទេស។
– បន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ នៅតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី ដើម្បីប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
– អនុវត្តការងារធ្វើល្បាតរួមគ្នា រវាងកងទ័ពជើងទឹកកម្ពុជា-វៀតណាម ក្នុងតំបន់ទឹកប្រវត្តិសាស្ត្រ។ ត្រៀមកម្លាំងមធ្យោបាយគ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ និងបន្តចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាពរបៀបរៀបយេ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកកសាង ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើការស្រាវជ្រាវតាមដាន ប្រមែប្រមូលផ្លាស់ប្តូរព័ត៌មានដែលបម្រើឱ្យការងារសន្តិសុខ ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់បទល្មើស ភាពអនាធិបតេយ្យផ្សេងៗ តាមគ្រប់រូបភាព ៕






































