នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេសA សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តកោះកុង។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងថា៖ វិស័យអប់រំយុវជន និងកីឡា ខេត្តកោះកុង មានគ្រឹះស្ថានសិក្សាសាធារណៈរួមមាន៖ វិទ្យាល័យចំនួន១២ អនុវិទ្យាល័យចំនួន២០ សាលាបឋមសិក្សាចំនួន១០៣ សាលាឧបសម្ព័ន្ធចំនួន២១ និងមត្តេយ្យសិក្សាមានក្នុងសាលាបឋមសិក្សាចំនួន៧៦។ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ បេក្ខជនដែលបានមកប្រឡងមានចំនួន១១២១នាក់ ស្រី៦០៨នាក់ ក្នុងនោះសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩០៧នាក់ ស្រី៥០៥នាក់ ស្មើនឹង៨០.៩១ភាគរយ នៃចំនួនសិស្សានុសិស្សដែលបានមកចូលរួមក្នុងការប្រឡង។ ហើយឆ្នាំនេះខេត្តកោះកុង ក៏មានសិស្សទទួលបាននិទ្ទេសA ចំនួន១៣នាក់ ស្រី៥នាក់ ក្នុងនោះនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង មានចំនួន៩នាក់, វិទ្យាល័យប៉ាក់ខ្លង មានចំនួន២នាក់, វិទ្យាល័យថ្មសមានចំនួន១នាក់ និងវិទ្យាល័យបុទុមសាគរមានចំនួន១នាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការអបអរចំពោះសិស្សានុសិស្សខេត្តកោះកុង ដែលបានប្រឡងទទួលបាននិទ្ទេសA។ សម្ដេចពិជ័យសេនា ក៏បានចាត់ទុកលទ្ធផល ដែលទទួលបាននេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រនាពេលកន្លងមក។ សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» ដែលរហូតមកដល់ពេលនេះ ប្រទេសជាតិយើងបានទទួលសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរយៈពេល២៦ឆ្នាំ ចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលសន្តិភាពនេះបានមកដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ឲ្យបានគង់វង្ស។ ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ គោរពវិន័យសាលា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ សម្ដេចពិជ័យសេនា ក៏បានប្រគល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សនិទ្ទេសA ផងដែរ ៕




























