នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃខ.ភ.ម និងជាប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំប្រារព្ធខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” អមដំណើរដោយឯកឧត្តម អស់លោក ជាប្រធាន អនុប្រធានគណៈកម្មការជំនាញទាំង៧ របស់គណៈកម្មការអន្តរក្រសួង ជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលការសាកល្បងផែនឈរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មហាជន ប្រជាជន និងក្រុម(ស.ស.យ.ក), ក្រុមការងារយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, ក្រុមកាយរិទ្ធ និងពិនិត្យមើលជាលើកចុងក្រោយ ពីវឌ្ឍនភាពការងារមួយចំនួនទៀត ដែលពាក់ព័ន្ធដល់ការរៀបចំ ជាលក្ខណៈពិធីការ ដែលរួមមានវេទិកា និងរចនាបទទិសស្លោកផ្សេងៗ សម្រាប់ការប្រារព្ធពិធីជាផ្លូវការខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” នាឆ្នាំ២០២៤នេះ ដែលជាការសាកល្បងចុងក្រោយនៅឯវិមានឈ្នះឈ្នះ ស្ថិតក្នុងតំបន់អភិវឌ្ឍឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកដីសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសចុះពិនិត្យមើលការសាកល្បងផែនឈរ សម្រាប់ត្រៀមប្រារព្ធពិធីខួបលើកទី ២៦ “ទិវាសន្តិភាពនៅកម្ពុជា” និងខួប៦ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នាពេលនេះ បើតាមផែនការរបស់អនុគណៈកម្មការរៀបចំពិធីមីទិ្ទញ បាទគូសបញ្ជាក់ថា៖ ក្រុមការងារគ្រប់ជំនាញរបស់អនុគណៈកម្មការទាំង៧ បានត្រៀមគ្រប់លក្ខណៈសម្បត្តិរួចជាស្រេច ក្នុងការរៀបចំ ទាំងកម្លាំងចូលរួមពិធី ធ្វើពិធីមីទិ្ទញប្រមាណជាជាង១ម៉ឺននាក់។ ដែលក្នុងនោះមានផែនឈកងយោធពលខេមរភូមិន្ទ ,ផែននគរបាលជាតិ ,ផែនឈរក្បាច់គុនល្បុក្កតោ និងក្រៅពីនោះផែនកងកម្លាំងកងកិត្តិយសគ្រែទ័ព និងក្រុមការងារ និងផែនចូលរួមពីមន្ត្រីរាជការ មហាជន ក្រុមកាយរិទ្ធ, ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, ក្រុមសហព័ន្ធសហជីពយុវជនកម្ពុជា ផងដែរ។ ជាមួយគ្នានឹងការពិនិត្យមើលការសាកល្បងផែនឈរ នេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមនិងសមាជិកគណៈកម្មការអន្តរក្រសួង ក៏នឹងពិនិត្យមើលផងដែរ ជាលើកចុងក្រោយ អំពីវឌ្ឍនភាពនៃការរៀបចំនូវស្តង់ពិពណ៌រូបភាព ដែលដាក់តាំងបង្ហាញពីសមិទ្ធផលនានា និងសម្ភារៈ រូបភាពដែលជាតឹកតាង នាំឲ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដ គ្របដណ្ដប់លើផ្ទៃប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា៖ ការរៀបចំខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩.ធ្នូ.១៩៩៨ – ២៩.ធ្នូ.២០២៤) ជាទិវានយោបាយឈ្នះៗរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតប ទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ទិវានេះ ក៍ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទន្ទឹមនឹងនេះដែរ “ទិវាសន្តិភាពនៅកម្ពុជា” ក៍ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាង របស់វីរបុរស និងវីរនារីស្នេហាជាតិ របស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម សមរភូមិការទូត និងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជា។ ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅកម្ពុជា។
ការរៀបចំ “ទិវាសន្តិភាពនៅកម្ពុជា” នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោក លំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ហើយក៍ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃ នៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងភិយ្យោភាព។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាព នៅកម្ពុជាឱ្យបានគង់វង្ស។
ក្នុងឱកាសចុះពិនិត្យមើលលើកចុងក្រោយ នៃការរៀបចំ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជាប្រធានគណៈកម្មការអន្តរក្រសួងបានថ្លែងថា៖ ឆ្នាំនេះគឺជាឆ្នាំខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤”។ នៅសល់ពេលតែមួយថ្ងៃស្អែកទៀតទេ និងដល់ថ្ងៃប្រារព្ធពិធីនេះហើយ ហើយក៏បន្ទាប់គ្នានេះដែរ ចំថ្ងៃឆ្លងចូលឆ្នាំសកលផងដែរ។ ដូច្នេះគ្រប់អនុគណៈកម្មការជំនាញទាំងអស់ រួមនិងក្រុមការងារត្រូវយកចិត្តទុកដាក់ពិនិត្យការងារចុងក្រោយរបស់ខ្លួន ឲ្យបានល្អិតល្អន់ ទាំងការរៀបចំវេទិកាមីទ្ទិញ ការត្រៀមរៀបចំផែនឈរទាំង ២៨ផែន និងការការរៀបចំស្តង់ពិពណ៌ទាំង១២ស្តង់ និងគ្រប់រចនាបទខ្លឹមសារសម្រាប់ពិធីនេះ ឱ្យបានតាមការកំណត់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធមីទ្ទិញ “ទិវាសន្តិភាពនៅកម្ពុជា” នាឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ ៕















































