នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុអញ្ញាតឲ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត់ (SENGNOUANE SAYALAT) ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូ បានមកធ្វើទស្សនកិច្ចការងារដកពិសោធន៍លើការងារអតីតយុទ្ធជន នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបសម្តែងការគួសមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងមនោសញ្ចេតនារីករាយរាក់ទាក់បំផុត និងនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានសមាគមអតីតយុវជនកម្ពុជា ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត់ ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ និងគណៈប្រតិភូផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត់ ក្នុងនាមថ្នាក់ដឹកនាំសម្ព័ន្ធអតីតយុទ្ធជនឡាវ និងប្រតិភូ បានថ្លែងអំណរគុណជាអាណេក ចំពោះការផ្ដល់ពេលវេលាដ៏មានតម្លៃ ដល់ឯកឧត្តម និងសមាជិកប្រតិភូ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ លើការងារអតីតយុទ្ធជន ក្នុងឱកាសដែលប្រតិភូបានមកបំពេញដំណើរទស្សនៈកិច្ច នៅកម្ពុជា នាលើកនេះ។ ឯកឧត្តម សេងនួន សៃញ៉ាក់ឡាត់ បានគូសបញ្ជាក់ថា៖ ឡាវ និងកម្ពុជា ជាមិត្តជិតខាងល្អ និងជាបងប្អូនដ៏ល្អ ដែលធ្លាប់មានប្រពៃណីតស៊ូរួមសុខ រួមទុក្ខជាមួយគ្នា មានប្រវត្តិសាស្រ្តរួមគ្នា ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកអាណានិគមបរទេស ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា អស់រយៈពេលជាយូរមកហើយ និងបានធ្វើអោយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើត ចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ ឯកឧត្តម បានបញ្ជាក់ថា៖ មិត្តភាពយូរអង្វែងជាប្រពៃណីដ៏ថ្លៃថ្លានេះ បន្សល់ទុកមកសម្រាប់ប្រទេសយើងទាំងពីរ តាំងពីរាជ្ជកាលអតីត ព្រះករុណាព្រះបាទព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ហើយត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា បន្តអនុវត្តបានយ៉ាងប្រសើរ និងបានចង្អុលបង្ហាញអោយអ្នកជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គោរពដើរតាមមាគ៌ាដ៏ត្រឹមត្រូវនេះ។ ក្នុងរយៈពេលដ៏យូលង់មកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង”។ ឯកឧត្តម ប្រធានសម្ព័ន្ធអតីតយុទ្ធជនឡាវ ក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូមកកាន់កម្ពុជាលើកនេះ គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ សម្រាប់ឆ្នាំ២០២៤-២០២៩ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និត ជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ សាមគ្គីជាធ្លុងមួយ សម្រេចបានសមិទ្ធផលថ្មីៗទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះ ដោយសារសង្គ្រាម ព្រមទាំងបន្តសកម្មភាពឱ្យកាន់តែផុសផុលថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុជាតិ និងប្រជាជនឱ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍន៍។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា៖ ប្រទេសយើងទាំងពីរ កងទ័ព និងប្រជាជនយើងទាំងពីរ ពិសេសសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ព័ន្ធអតីតយុទ្ធជនឡាវ ចាប់តាំងពីត្រូវបានបង្កើត តែងបានផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក្នុងការលើកស្ទួយកម្រិតជីវភាពដល់គ្រួសារអតីតយុទ្ធជនរបស់ប្រទេសយើងទាំងពីរ ឱ្យមានជាលទ្ធផលផ្លែផ្កា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានលើកមកបញ្ជាក់ថែមទៀតថា៖ កាលពីដើមខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ហើយតាមរយៈការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរដ្ឋាភិបាលទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងជិតស្និទថែមទៀត។ ដូចនេះ ការចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ នាពេលនេះ ពិតជាធ្វើឡើងស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ។ ហើយតាមរយៈ នៃកិច្ចសហប្រវត្តិការនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធអតីតយុទ្ធជនឡាវ និងសមាគមអតីតយុទ្ធជនកម្ពុជា នាពេលនេះ នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងសមាគមអតីតយុទ្ធជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីអ្នកជិតខាងល្អ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង រវាងប្រទេសទាំងពីរ ៕
























