នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) បានបើកប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការរៀបចំទាំង៧ របស់ខ្លួនលើកចុងក្រោយ ទាំងទីតាំងសម្រាប់ការប្រារព្ធពិធីមីទ្ទិញ និងផ្នែកពិពណ៌រូបភាព រចនាបទ វត្ថុតាង ដែលពាក់ព័ន្ធដល់ប្រវត្តិសាស្ត្រ នៃនយោបាយឈ្នះឈ្នះ និងសកម្មភាពនានា តាមរយៈរូបភាព សម្រាប់ការដាក់តាំងពិពណ៌ និងការងារជាច្រើនទៀតរបស់អនុគណៈកម្មការដែលពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារលើកចុងក្រោយ និងជំរុញពន្លឿនការងាររបស់ខ្លួន ឲ្យទទួលបានលទ្ធផលជោគជ័យតាមការកំណត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំមកពីសាម៉ីក្រសួង អង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា៖ ការរៀបចំខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ -២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ទិវានេះ ក៍ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទន្ទឹមនឹងនេះដែរ «ទិវាសន្តិភាពនៅកម្ពុជា» ក៍ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាង របស់វីរបុរស និងវីរនារីស្នេហាជាតិ របស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម សមរភូមិការទូត និងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំ «ទិវាសន្តិភាពនៅកម្ពុជា» នាឆ្នាំ២០២៤ នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ច អំពីមហាវិនាសកម្ម របស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ហើយក៍ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងភិយ្យោភាព។
«ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។ ក្នុងផែនការ របស់អនុគណៈកម្មការរៀបចំពិធីមីទិ្ទញ ក៏បានត្រៀមរៀបចំកម្លាំងចូលរួមប្រមាណជាជាង ១ម៉ឺននាក់ ដោយចែកចេញជា៖ ផែនឈរ កងយោធពលខេមរភូមិន្ទ ចំនួន ២៦ផែន, ផែនឈរ នគរបាលជាតិ ចំនួន ០២ផែន, ផែនកងកិត្តិយសត្រែទ័ព, ក្រុមការងារបម្រើការ, ក្រុមបច្ចេកទេសអុជកាំជ្រួច, ក្រុមសុខាភិបាល, ការចូលរួមរបស់មន្ត្រីរាជការ, ប្រជាពលរដ្ឋ, ក្រុមយុវជនកាយរិទ្ធ, យុវជនកាកបាទក្រហម, ក្រុមសហព័ន្ធគុនល្បុកតោ និងក៏មានការរៀបចំស្តង់តាំងពិពណ៌ ប្រមាណជា ១២ស្តង់ និងការបាញ់កាំជ្រួចរយៈពេលបីថ្ងៃ នៃពិធីនេះផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជាប្រធានគណៈកម្មការអន្តរក្រសួង បានថ្លែងថា៖ ឆ្នាំនេះគឺជាឆ្នាំខួបលើកទី២៦ នៃ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤)។ នៅសល់ពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ និងដល់ថ្ងៃប្រារព្ធពិធីនេះហើយ ហើយក៏គាប់ជួនគ្នាចំថ្ងៃឆ្លងចូលឆ្នាំសកលផងដែរ ដូច្នេះគ្រប់អនុគណៈកម្មការជំនាញទាំងអស់ រួមនិងក្រុមការងារត្រូវពន្លឿនការងារនេះឲ្យបានទាន់ពេលវេលា ទាំងការរៀបចំទីតាំងមីទ្ទិញ ការត្រៀមរៀបចំផែនឈរសម្រាប់មីទិ្ទញ, ការរៀបចំស្តង់ពិពណ៌ និងគ្រប់រចនាបទខ្លឹមសារសម្រាប់ពិធីនេះផងដែរ ។ តាមរយៈកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររូបអនុគណៈកម្មការជំនាញទាំងអស់ នាលើកចុងក្រោយនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា៖ ការប្រារព្ធមិទិ្ទញនៃ «ទិវាសន្តិភាពនៅកម្ពុជា» នាឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ ៕





































