ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទ បានអញ្ជើញវិលត្រឡប់ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយសុវត្ថិភាព។
នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិ អន្តរជាតិ វៀតណាម ឆ្នាំ២០២៤ និងចូលរួមអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម លើកទី៨០ (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២៤) ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ៕


















