ពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ (UNTPP) ឆ្នាំ២០០៤

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីអង្គការគេហប្រជាជាតិ (UNTPP) ឆ្នាំ២០០៤ នៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបិទវគ្គ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (ភ្នំស្រួច) ក្រោមអធិបតិភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

      យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា កម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ហៅកាត់ថា UNTPP គឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo ABE) អតីតនាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន ក្នុងគោលបំណងផ្តល់ការគាំទ្រ ដល់ប្រទេសបរិច្ចាគកងកម្លាំងឱ្យធ្វើការចល័តបានឆាប់រហ័ស និងមានគុណភាពខ្ពស់។ ដោយបានចាប់ដំណើរការជាលើកដំបូងនៅអាហ្វ្រិកខាងកើតនាឆ្នាំ២០១៥ ហើយត្រូវបានពង្រីកខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមាន ៤ប្រទេសធ្វើជាម្ចាស់ផ្ទះ វិលជុំ ២ឆ្នាំម្តង ក្នុងនោះមាន ប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ កម្ពុជាចាប់ផ្តើមផ្តល់ការគាំទ្រដល់កម្មវិធីនេះ គិតចាប់ពីការបញ្ជូនសិក្ខាកាមដំបូងនាឆ្នាំ២០១៨ គិតមកដល់ពេលនេះ សិក្ខាកាមកម្ពុជា សរុបចំនួន ៨៤នាក់ ក្នុងនោះនារី ៦នាក់ បានចូលរួមក្នុងវគ្គហ្វឹកហ្វឺន កម្មវិធីភាពជាដៃគូ សរុបចំនួន១៦វគ្គ។ កម្មវិធីភាពជាដៃគូឆ្នាំ២០២៤នេះ បានបើកជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេល ០៥ សប្តាហ៍ ហើយបានផ្តោតសំខាន់ទៅលើសសរស្តម្ភធំ ចំនួន៣ រួមមាន៖ (១) ការប្រើប្រាស់វិស្វកម្មធុនធ្ងន់ (២) ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទះ (៣)សង្គ្រោះលើទីលានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ពីសំណាក់យោធាចារ្យ មកពីសាធារណរដ្ឋកូរ៉េ ជប៉ុន អូស្ត្រាលី និងមន្ត្រី UNMAS ព្រមទាំងមានការចូលរួមពីសិក្ខាកាមជាតិចំនួន ៣៧នាក់ (នារី ៩នាក់) និង អន្តរជាតិចំនួន ២១នាក់ (នារី ១នាក់) មកពីប្រទេស ចំនួន៩ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងស្រីលង្កា។

      នៅក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះ យើងខ្ញុំមានសេចក្តីរីករាយផងដែរក្នុងការចែករំលែកបទពិសោធន៍របស់កម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើនជាងគេ។ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា កាលពីឆ្នាំ២០១១ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រកបដោយជោគជ័យ។នៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព, អង្គការសហប្រជាជាតិនឹងត្រូវការបង្កើនចំនួនកំលាំងរក្សាសន្តិភាពទ្វេដង។ កម្លាំងនេះ នឹងត្រូវទទួលការហ្វឹកហ្វឺនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យស្របតាមនិយាមដែលបានកំណត់។ អង្គការសហប្រជាជាតិ ត្រូវការ ការសន្យាច្បាស់លាស់ពីរដ្ឋសមាជិកក្នុងក្របខ័ណ្ឌថ្មីនៃប្រព័ន្ធរៀបរយ សមត្ថភាពរក្សាសន្តិភាព (Peacekeeping Capability Readiness System) ផងដែរ។

      ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា នាយទាហាន ពលទាហានកម្ពុជា ចំនួន ៩ ៨២៤នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពប្រកបដោយជោគជ័យ ក្នុងប្រទេស ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ុប, ស៊ីរី, ម៉ាលី លើមុខជំនាញជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និងការកំទេចគ្រាប់មិនទាន់ផ្ទុះ ការងារវិស្វកម្មពេទ្យកម្រិត២ អាវុធហត្ថ សង្កេតការយោធា សេនាធិការ។ ដែលជំនាញទាំងនេះ ត្រូវបានទទួលស្គាល់ និងការកោតសរសើរជាលក្ខណៈអន្តរជាតិ។ នាយទាហាន ពលទាហានរបស់យើង បានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកនៃពិភពលោកផងដែរ។ ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយ អង្គការសហប្រជាជាតិ បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព   ស្ថិរភាព ក៏ដូចជាបន្តសកម្មភាព មនុស្សធម៌។

     ឆ្លៀតឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ក៏បានត្រួតពិនិត្យអគារសិក្សា អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធ អគារតេជោសន្តិភាព នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ