គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការប្រជុំឆ្លងរបាយការណ៍ ស្ដីអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ដោយមានសមាសភាពចូលរួមនៅក្នុងឱកាសនោះ មាននាយទាហានជាន់ខ្ពស់ មកពីអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថផងដែរ។
ក្នុងរបាយការណ៍បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់អនុវត្តតាមផែនការជាតិ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ ក៏ដូចជាផែនការសកម្មភាព របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋាន, នាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងអង្គភាពចំណុះ បានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធ្វើការអប់រំផ្សព្វផ្សាយ ការព្យាបាល ស្តារនីតិសម្បទា សមាហរណកម្ម និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ នៅក្នុងឆ្នាំ២០២៤ អង្គភាពចំណុះក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានធ្វើការអប់រំផ្សព្វផ្សាយគ្រឿងញៀនបានចំនួន៤.៤១២លើក និងមានអ្នកចូលរួមចំនួន ៣២៤.១២៥នាក់ បានធ្វើតេស្តរកសារធាតុញៀនសរុបចំនួន១៣.៨៤០នាក់ វិជ្ជមានចំនួន១៣នាក់ ហើយបានកាត់ចេញពីការគ្រប់គ្រងចំនួន១៣នាក់។ ចំពោះលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៥៤៩លើក ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១.៣៣៩នាក់ ស្រី១២៨នាក់ និងចាប់យកសម្ភារៈវត្ថុតាងបានមួយចំនួន។ នៅក្នុងនោះ បានបញ្ជូនជនសង្ស័យទៅសាលាដំបូងចំនួន១.១៧៨នាក់ ស្រីចំនួន១០២នាក់។ បានបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទា ចំនួន១១៤នាក់ ស្រីចំនួន១០នាក់ បានធ្វើការអប់រំ និងឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ចំនួន៤៧នាក់ ស្រីចំនួន១៦នាក់។
ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៃកងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣ បានទទួលជនរងគ្រោះជាជនស៊ីវិល ចូលសម្រាកព្យាបាលសរុបចំនួន៥០៥នាក់ ស្រី១៨នាក់ សំណល់ពីឆ្នាំ២០២៣ ចំនួន៣២២នាក់ ស្រី៩នាក់, ទទួលចូលក្នុងឆ្នាំ២០២៤ ចំនួន១៨៣នាក់ ស្រី៩នាក់, អ្នកជាសះស្បើយវិលចូលក្នុងសង្គមវិញចំនួន២០៦នាក់ ស្រី៧នាក់, បន្តស្នាក់នៅព្យាបាលចំនួន២៩៩នាក់ ស្រី១១នាក់។
មានប្រសាសន៍បូកសរុបនាឱកាសនោះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងនូវការកោតសរសើរ គ្រប់អង្គភាពពាក់ព័ន្ធ បានខិតខំយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២៤កន្លងមកនេះ។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកផែនការបន្តឆ្នាំ២០២៥ គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ព ទ័ពជំនាញ និងមេបញ្ជាការគ្រប់កងភាព រួមទាំងមានការចូលរួមពីយោធិនគ្រប់រូប ត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់ ការប្រើប្រាស់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រព្រឹត្តឲ្យបានល្អប្រសើរថែមទៀត។
គួរបញ្ជាក់ផងដែរថា៖ ដើម្បីចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០២០ កងយោធពលខេមរភូមិន្ទ បានបង្កើតគណៈកម្មាធិការ គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរចនាសម្ព័ន្ធចាប់តាំងពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស និងកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ដើម្បីការធ្វើផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ ការប្រើប្រាស់ការចែកចាយ នឹងគ្រោះថ្នាក់ ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងជួរកងយោធពលខេមរភូមិន្ទ ៕






















