នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិ និងខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាមឆ្នាំ២០២៤ និងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍កំណើតកងទ័ពប្រជាជនវៀតណាម លើកទី៨០ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

      ក្នុងឱកាសនៃការចូលរួមកម្មវិធីដ៏មានសារៈសំខាន់ខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏គ្រោងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីបណ្តាប្រទេសមួយចំនួនទៀត ដែលនឹងអញ្ជើញចូលរួមកម្មវិធីទាំងពីរខាងលើ ក្នុងន័យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីម្តងទៀត នូវ ចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពប្រជាជនវៀតណាម សំដៅបង្កើន និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងគ្នានិងគ្នា ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត ស្របគ្នានេះដែរ ក៏ចូលរួមការពារថែរក្សានូវសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់តំបន់ និងសកលលោកទាំងមូល។

      អញ្ជើញជូនដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសនោះ មាន ឯកឧត្តម អស់លោក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ចំណុះក្រសួងការពារជាតិ និងនាយទាហានជាន់ខ្ពស់ ក្នុងកងយោធពលខេមរភូមិន្ទ ជាច្រើនរូបទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ