ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន អនុញ្ញាឱ្យមេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសវនាការជាមួយ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការពារជាតិ នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំប្រតិភូមកទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា។

     ក្នុងជំនួបនោះ នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា ដែលបានផ្តល់ពេលវេលាឲ្យប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងចំណងមិត្តភាពកងទ័ពទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក មកកាន់កម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងមកនេះ។ ឯកឧត្តម នាយឧត្តមនាវី បានបញ្ជាក់ថា៖ ទស្សនកិច្ចនាវាយោធាលើកទី១ ក្នុងរយៈពេលខកខាន៨ឆ្នាំនេះ ជាចំណុចចាប់ផ្តើមឡើងវិញ និងបន្តពិនិត្យលទ្ធភាពនៅសកម្មភាពនានា ដូចជា លំហាត់ឆ្មាំអង្គរ (Angkor Sentinel) និងបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងការជួយបណ្តុះបណ្តាលនូវ APCSS និងលំហាត់ឆ្មាំអង្គរ  (Angkor Sentinel) ដែលធ្លាប់បានធ្វើរួមគ្នាជាច្រើនដង មុនឆ្នាំ២០១៧មកនោះឡើងវិញ។

     ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងសហការី ក្នុងដំណើរទស្សនកិច្ចជាលក្ខណៈមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ តាមរយៈ នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមនាវី នៅកម្ពុជាលើកនេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការ នៃការផ្សារភ្ជាប់ចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ឲ្យកាន់តែប្រសើឡើង។

     ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បញ្ជាក់បន្ថែមទៀតថា៖ អាមេរិកចង់ឃើញកម្ពុជាបន្តរក្សាអធិបតេយ្យភាព បន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាអាមេរិក-កម្ពុជា និងមិនមានបំណងស្នើសុំអ្វីពីកម្ពុជានោះទេ។ ទន្ទឹមនឹងនោះដែរ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា នាយឧត្តមនាវី Samuel Paparo ក៏បានប្រគល់ភារៈកិច្ចជូន វរសេនីយ៍ទោ Kyle Saltzman ពិភាក្សា និងផ្លាស់ប្ដូរយោបល់ ជាមួយនឹងភាគីកម្ពុជា អំពីលទ្ធភាពធ្វើលំហាត់ឆ្មាំអង្គរ (Angkor Sentinel) និងសកម្មភាពនានា ជាច្រើនទៀតផងដែរ។

     ពាក់ព័ន្ធដល់ការចូលចតនាវាចម្បាំង USS SAVANNAH នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់ថា គឺជាបង្ហាញនូវទំព័រថ្មីនៃការធ្វើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែល្អបន្ថែមទៀត។

     ជាការឆ្លើយតប នាយឧត្តមនាវី Samuel Paparo បានបញ្ជាក់ថា អាមេរិកកំពុងតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកងទ័ពទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយគ្នា ឲ្យកាន់តែល្អប្រសើរ។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំឡើងវិញចំពោះសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) នាយឧត្តមនាវី បានបញ្ជាក់ថា៖ អាមេរិកនឹងជំរុញការងារនេះ ដើម្បីបង្កើតឡើងវិញ។ ភាគីអាមេរិកទទួលយកការស្នើសុំរបស់ភាគីកម្ពុជា ឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានជាន់ខ្ពស់ ដូចពេលនេះ ដែលភាគីអាមេរិកអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាផងដែរ។ ឯកឧត្តម មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក បានអរគុណចំពោះក្រសួងការពារជាតិកម្ពុជា ចំពោះការចូលរួមរបស់កម្ពុជា នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ PKO គឺជាគំរូល្អក្នុងការចូលរួមការងារក្នុងតំបន់ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ