នៅមន្ទីរពេទ្យព្រះកេតុមាលា នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ មានរៀបចំពិធីប្រកាសអនុវត្តគម្រោងសប្បុរសធម៌ក្នុងប្រទេសកម្ពុជា «ក្ដីស្រឡាញ់ប្រជាជនចិន ជួយបំភ្លឺជីវិត» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោក សាស ហៃយ៉ាន់ ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រកាសអនុវត្តគម្រោងសប្បុរសធម៌ក្នុងប្រទេសកម្ពុជា «ក្ដីស្រឡាញ់ប្រជាជនចិន ជួយបំភ្លឺជីវិត»នេះ បានរៀបចំឡើងដោយសមាគមពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវ ប្រចាំនៅកម្ពុជា រួមសហការជាមួយក្រុមគ្រូពេទ្យវះកាត់ជង្ងឺភ្នែក នៃមន្ទីរពេទ្យ ហ័រ សែ័ មូលនិធិសប្បុរសធម៌ជនជាតិចិន និងមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក លី កុសល ក៏បានថ្លែងនូវសេចក្ដីសោមនស្សរីករាយជាពន្លឹក និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរចំពោះការអញ្ជើញមកដល់របស់ក្រុមគ្រូពេទ្យវះកាត់ភ្នែក ក៏ដូចជាសមាគមសភាពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវ ប្រចាំនៅកម្ពុជា ដែលមកបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលវះកាត់ភ្នែកឡើងបាយលើកទី១ ជួរកងទ័ព និងគ្រួសារកងទ័ព សរុបប្រមាណ៣០០នាក់ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី។ ឯកឧត្តម បានចាត់ទុកថា៖ នេះជាពេលវេលាមួយដ៏មានតម្លៃ សម្រាប់អ្នកជំងឺ ដែលមានភ្នែកឡើងបាយ និងត្រូវបានព្យាបាលដោយមិនបាច់បង់ថ្លៃសេវា, សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រោយពេលព្យាបាលរួច អ្នកជំងឺទាំងនោះ និងបានជាសះស្បើយ ភ្នែកមើលឃើញច្បាស់ឡើងវិញ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។
ឯកឧត្តម រដ្ឋលេខាធិការ លី កុសល ក៏បានថ្លែងថា៖ សកម្មភាពមនុស្សធម៌អន្តរជាតិនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាព រវាងសមាគម និងគ្រូពេទ្យចិន ជាមួយកងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជា ឲ្យកាន់តែមានភាពជិតស្និទ្ធ។ កម្មវិធីសប្បុរសធម៌នេះពិតជាល្អណាស់ ដែលបានជួយសម្រួលដល់សុខភាពភ្នែកឡើងបាយ របស់មនុស្សកាន់តែប្រសើរឡើង ធ្វើឲ្យអ្នកជំងឺដែលបានជាសះស្បើយ មានការសប្បាយចិត្ត និងក្ដីសង្ឃឹមឡើងវិញ។ ជាមួយគ្នានេះដែរ ឯកឧត្តម លី កុសល ក៏សូមសំណូមពរដល់សមាគមសភាពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវ មូលនិធិសប្បុរសធម៌ជាតិចិន ព្រមទាំងគ្រូពេទ្យជំនាញចិន សូមជួយរៀបចំកម្មវិធីនេះ សម្រាប់ឆ្នាំបន្តទៀត ប្រសិនបើអាចមានលទ្ធភាព។ នេះជាសក្ខីភាពមួយបញ្ជាក់ពីការរឹតចំណងសាមគ្គីភាព យ៉ាងរឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិនផងដែរ ៕
















