នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានអញ្ជើញចូលរួមពិធីជប់លៀង លើនាវាចម្បាំងកងទ័ពជើងទឹក នៃសាធារណរដ្ឋកូរ៉េ (DDH-978, Destroyer) ដែលបានប្រព្រឹត្តិទៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាត បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់នាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្ត្រលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានបន្តជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំង២ កម្ពុជា និង សាធារណរដ្ឋកូរ៉េ ៕




















