នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានប្រារព្ធពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីលំហាត់លើតុ និងទីលាន ពង្រឹងការទប់ស្កាត់ ហានិភ័យកើតឡើងដោយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (CBRN) នៃគម្រោងលេខ១០៦ របស់មជ្ឈមណ្ឌលឧត្តមភាព គីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ សហភាពអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ អាជ្ញាធរជាតិអាវុធគីមី។
ក្នុងរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី សួន ដុស នាយករងវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី បានឲ្យដឹងថា សិក្ខាសាលានេះ បានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការបែងចែកចេញជាការសិក្សាក្នុងថ្នាក់ នៅក្រសួងការពារជាតិ និងការអនុវត្តជាក់ស្តែងនៅទីវាល នាវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី (លង្វែក)។ សិក្ខាសាលានេះ មានគោលបំណងដើម្បីកសាងធនធានមនុស្ស ផ្តោតលើការពង្រឹងជំនាញ ចំណេះដឹងក្នុងការយកសំណាកគម្រូសារធាតុគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម។ សិក្សារៀនសូត្រអំពីប្រមូលភស្តុតាង ការគ្រប់គ្រងផ្នែកឧបទ្វហេតុ ដោយឡែកឧបទ្វហេតុផ្នែកគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងការដឹកជញ្ជូនសំណាកសារធាតុគីមីមករក្សាទុកឲ្យមានសុវត្ថិភាព និងបន្សាប ជៀសវាងការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ជាមួយអន្តរស្ថាប័ន អន្តរក្រសួង និងអន្តរជាតិដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានមានប្រសាសន៍ថា បើទោះបីជាព្រះរាជាណាចក្រកម្ពុជា មិនមែនជាប្រទេសមុខសញ្ញាសម្រាប់អំពើភេរវកម្ម ឬភេរវករធ្វើសកម្មភាព និងវាយប្រហារក៏ដោយ ក៏កម្ពុជាត្រូវការ សន្តិភាព សន្តិសុខ មិនត្រឹមតែក្នុងប្រទេសរបស់ខ្លួនទេ ក៏ប៉ុន្តែក៏សម្រាប់ប្រទេសក្នុងតំបន់ និងសកលលោកទាំងមូល ឱ្យជៀសផុតពីការគម្រាមកំហែង ពីភាពអសន្តិសុខបង្កឡើងដោយអាវុធ ឬបច្ចេកវិទ្យា សម្ភារៈ ឧបករណ៍ គីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ។ ដោយសារទាំងនេះជាបញ្ហាសំខាន់ទើបអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធ គីមី បានសហការជាមួយមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE) ជាពិសេសនៅក្នុងគម្រោងលេខ១០៦ នេះ បានរៀបចំកម្មវិធីហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញដល់ក្រុមកម្លាំងឆ្លើយតប ផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្ត ជំនាញលើវិស័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) ក្នុង ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរ ជាតិអាវុធគីមី នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក៏បានស្នើសុំដល់សហភាពអឺរ៉ុប (EU) តាមរយៈ មជ្ឈមណ្ឌលឧត្តមភាព ផ្នែក គីមីជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN COE) សូមបន្តសហការ និងជួយគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ទៅមុខទៀត ជាពិសេសការងារពាក់ព័ន្ធនឹងកិច្ចការ ការពារសុវត្ថិភាព សន្តិសុខផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ តាមរយៈគម្រោង ផ្សេងៗរបស់ មជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និង នុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE)។
ហើយឯកឧត្តមសង្ឃឹមជឿជាក់ថា កងកម្លាំងនេះ នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួម សម្រេចគោលដៅរបស់យើងប្រកបដោយភាពជោគជ័យ និងមោទនភាពបំផុត ៕







