ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម(២២ ធ្នូ ឆ្នាំ១៩៤៤-២២ ធ្នូ ឆ្នាំ២០២៤) នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម ង្វៀន ហុយ តាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដោយនាយទាហានជាន់ខ្ពស់ នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងទ័ពជើងគោកជាច្រើនរូបទៀត បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅមុខវត្តបទុមវតី ក្នុងឱកាសដែលរដ្ឋាភិបាលក៏ដូចជាកងទ័ពប្រជាជនវៀតណាម បានកំពុងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ឆ្នាំ១៩៤៤-២២ ធ្នូ ឆ្នាំ២០២៤)។ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ តំណាងក្រសួងការពារប្រទេសវៀតណាម និងមន្ត្រីអមស្ថានទូតវៀតណាម ប្រចាំកម្ពុជាជាច្រើនរូបទៀត។
សូមរំឭកថា៖ នៅក្នុងចុងទសវត្សរ៍ទី៧០ នាឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ តបតាមការអំពាវនាវសុំជំនួយពីប្រជាជនកម្ពុជា វៀតណាមបានចាប់បញ្ជូនកងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើននាក់ រួមសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជា អ្នកស្នេហាជាតិជាច្រើននាក់ទៀត បានចូលវាយរំដោះប្រទេស និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនៅក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ មានកងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើននាក់ បានពលីជីវិត នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយនៅមានអដ្ឋិធាតុរបស់យុទ្ធជនខ្លះកំពុងរុករក ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅមាតុប្រទេសវៀតណាមវិញ។ គុណូបការៈដ៏ធំធេងនេះ ប្រជាជនកម្ពុជាគាត់នៅចងចាំជានិច្ច នូវគំរូវីរៈភាព នៃការលះបង់ជីវិត របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានមកជួយរំដោះប្រជាជាតិ និងប្រជាជនកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងបានរស់រានមានជីវិតជាលើកទីពីរ នាថ្ងៃជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ ហើយមានឱកាសក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ មានសុខសន្តិភាព រហូតដល់ពេលបច្ចុប្បន្ននេះ។ ស្តូបមិត្តភាពកម្ពុជា-វៀតណាម គឺជាតំណាងឲ្យចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានជួយគ្នាទៅវិញទៅមក រហូតធ្វើឲ្យប្រទេសយើងទាំងពីរកម្ពុជា និងវៀតណាម មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ ៕







