សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រទានព្រះធរណីបញ្ចុះសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ដែលមានទីតាំងឋិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទទួលមរណៈភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមពិធីការកងព័ទ្ធ និងតាមប្រពៃណីព្រះពុទ្ធសាសនានៃយើង អស់រយៈពេលប្រាំយប់ប្រាំថ្ងៃកន្លងរួចមកហើយ។
ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន និងប្រជាពលរដ្ឋខ្មែរទាំងមូល សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ចំពោះការបាត់បង់ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ នាពេលនេះ។ សម្តេចពិជ័យសេនា បញ្ជាក់ថា នេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ពិសេសការចូលរួមចំណែកលើការការពារបូរណភាពទឹកដី និងសុខសន្តិភាព។ ជាមួយនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕















